ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK បុកពេញទំហឹង ទៅលើរថយន្តម៉ាក TUNDRA របស់តារាចម្រៀងល្បីឈ្មោះ ខេមរៈ សេរីមន្ត កាលពីវេលាម៉ោង២០និង៣០នាទីយប់ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ ឋិតលើកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យក្រុមការងាររបស់តារាចម្រៀង ខេមរៈ សេរីមន្ត ចំនួន៤នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម មិនទាន់រលុបបាត់ពីអារម្មណ៍អ្នកតាមដានសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នោះស្រួលបួលផង ស្រាប់តែនៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ រថយន្តធុនយីឌុប ម៉ាក HINO របស់ក្រុមហ៊ុន SK ដដែល បានបង្កគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ឋិតក្នុងភូមិព្រែកផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្ត្រីម្នាក់កំពុងជិះទោចក្រយាន បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុតនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា ស្ត្រីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ទឹម សាត អាយុ៥៧ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សាក្សីបានបំភ្លឺបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះទោចក្រយានឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង និងដល់ពេលកើតហេតុ មានរថយន្តយីឌុប១គ្រឿងម៉ាក HINO ពណ៌ត្រួយចេក ពាក់ស្លាកលេខតាកែវ 3A-1121 របស់ក្រុមហ៊ុន SK ធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែជ្រុលចង្កូតទៅបុកលើស្ត្រីរងគ្រោះដែលឆ្លងផ្លូវជិតផុតទៅហើយពេញទំហឹង បណ្តាលឲ្យដួលបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗមួយរំពេច ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត និងព្រូរថយន្ត បាននាំគ្នាបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវតែរថយន្ត និងសពស្ត្រីរងគ្រោះប៉ុណ្ណោះ ។
គួរបញ្ជាក់ជូនថា រថយន្តដឹកជញ្ជូនធុនធំរបស់ក្រុមហ៊ុន SK បានទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុនកាំមីនកូ (Caminco) ដូច្នេះ រាល់ករណីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺក្រុមហ៊ុន SK នេះតែងឲ្យក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូចេញមុខដោះស្រាយ ៕