នៅវេលាម៉ោង១៧ល្ងាច នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនមុខសញ្ញាគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា តាមបណ្តាញព័ត៌មានសង្គម Facebook បានហើយ នៅចំណុចព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យបានឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ទោះបីលោកបណ្ឌិត សុខ ទូច ជាសាមីខ្លួន ធ្លាប់អះអាងថា មិនបានដាក់ពាក្យបណ្តឹងក៏ដោយ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច តាម Facebook ដោយប្រើប្រាស់ Account ឈ្មោះ Sey Hu ហើយត្រូវឃាត់ខ្លួនបាននោះ មានឈ្មោះ ផង់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃកន្ទ្រង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ផង់ សីហា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកធ្វើ និងបង្ហោះសារ មានរូបភាពគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ដោយប្រើតាមទូរស័ព្ទដៃ ។ លើសពីនេះ ជនសង្ស័យក៏បានសារភាពដែរថា នាពេលកន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចលុយព្រះសង្ឃក្នុងវត្ត នៅស្រុកកំណើតកាលពីឆ្នាំ២០១២កន្លងទៅ រួចហើយក៏បានរត់គេចខ្លួនទៅធ្វើពលករនៅប្រទេសថៃ រហូតទល់បច្ចុប្បន្ន ៕