ក្រោមទម្ងន់នៃបណ្តឹងរបស់លោក អ៊ិន សុភិន ជាឪពុកបង្កើតរបស់តារាសម្តែងវ័យក្មេងកញ្ញា ភិន សុដាលីស ដោយប្តឹងពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង នោះ បានជំរុញទឹកចិត្តឲ្យលោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស ជាគូស្នេហ៍ទាំងពីរ ចូលខ្លួនឆ្លើយបំភ្លឺសារភាពសេ្នហ៍នៅចំពោះមុខតុលាការតែម្តង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ម្សិលមិញ ខណៈលោក ប៉ែន តុលា ជាអតីតគូដណ្តឹងរបស់កញ្ញា ភិន សុដាលីស បានបង្ហាញនូវអារម្មណ៍ចូលរួមអបអរសាទរចំពោះអ្នកទាំងពីរ ដែលប្រកាសអំពីទឹកចិត្តស្រឡាញ់គ្នានៅចំពោះមុខតុលាការ ហើយលោកក៏មិនតូចចិត្តតូចថ្លើមអ្វីដែរ នៅពេលបានដឹងច្បាស់ថា ភិន សុដាលីស ជ្រើសរើសយកលោក ប៉ែន ចំរ៉ុង នោះ ។
ប្រភពព័ត៌មានពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ ទំនងជាអាចសម្រេចតម្កល់រឿងទុកឥតចាត់ការ ចំពោះពាក្យប្តឹងរបស់លោក អ៊ិន សុភិន ជាឪពុកកញ្ញា ភិន សុដាលីស ដែលប្តឹងចោទប្រកាន់ទៅលើលោក ប៉ែន ចំរ៉ុង បន្ទាប់ពីលោក ប៉ែន ចំរ៉ុង ជាជនសង្ស័យបានអះអាងថា មិនបានពង្រត់កញ្ញា ភិន សុដាលីស ឡើយ ហើយកញ្ញា ភិន សុដាលីស ជាសាមីខ្លួន ក៏បានសារភាពយ៉ាងច្បាស់លាស់ផងដែរថា ការចាកចេញពីផ្ទះសម្បែងរបស់នាង គឺមិនពាក់ព័ន្ធនឹងលោក ប៉ែន ចំរ៉ុង ទេ ។
ករណីសម្ព័ន្ធស្នេហាដ៏ចម្រូងចម្រាសរវាងពិធីករល្បីឈ្មោះ គឺលោក ប៉ែន ចំរ៉ុង និងតារាសម្តែងវ័យក្មេងកញ្ញា ភិន សុដាលីស អាចចាត់ទុកថា ជាករណីទី១ក្នុងពិភពសិល្បៈ ដែលតួអង្គប្រុសនិងតួអង្គស្រីសម្រេចចិត្តសារភាពស្នេហ៍ជាមួយគ្នានៅចំពោះមុខតុលាការ ។ ប៉ុន្តែ គេក៏មិនទាន់អាចទស្សន៍ទាយទុកជាមុនៅឡើយទេថា សម្ព័ន្ធសេ្នហារវាងលោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស នឹងឋិតថេរចីរកាលឈានទៅដល់ថ្ងៃចូលរោងការដោយរលូន ឬយ៉ាងណានោះទេ ៕