ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរគណៈកម្មការចំពោះកិច្ចសម្របសម្រួលការងារ ទទួល-ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី និងភាគីពាក់ព័ន្ធដែលសហការ ។ លើសពីនេះ បុរសខ្លាំងបានបញ្ជាក់ថា ការងារផ្ទៀងផ្ទាត់ផែនទីដើម្បីបំភ្លឺជូនប្រជាពលរដ្ឋខ្មែរ បានបញ្ចប់ហើយ ។
នៅទីបំផុត បុរសខ្លាំងនៃកម្ពុជាបានណែនាំដល់ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា បន្តធ្វើការងារបោះបង្គោលព្រំដែនក្នុងកិច្ចសហប្រតិបត្តិការដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ។
គួររំលឹកជូនថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម យោងតាមសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ដែលចុះហត្ថលេខាដោយបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងមានអាសនៈនៅក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ ដោយគណបក្សប្រឆាំងតែងបានអះអាងថា ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ខណៈបុរសខ្លាំងនៃកម្ពុជាធានាថា កម្ពុជានឹងមិនមានការបាត់បង់ទឹកដីទេ ៕