អ្នកស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននិយាយឲ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ ថា សត្វជ្រូកដែលប្រជាពលរដ្ឋចិញ្ចឹមបានកើតជំងឺមានរោគសញ្ញាអុជៗពណ៌ក្រហមនៅលើដងខ្លូន ក្អក ហើយក្អួត ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥មក បណ្តាលឲ្យសត្វជ្រូកងាប់រាប់រយក្បាលជាបន្តបន្ទាប់ ធ្វើឲ្យអ្នកភូមិព្រួយបារម្ភយ៉ាងខ្លាំងទៅលើមុខរបរចិញ្ចឹមសត្វជ្រូករបស់ពួកគាត់ ដោយសារដើមទុនត្រូវបានខ្ចីបុលពីធនាគារ រហូតអ្នកខ្លះបានខ្ចីប្រាក់ពីធនាគារអស់ជាង២.០០០ដុល្លារអាមេរិកក៏មាន ។
សត្វជ្រូកដែលងាប់ដោយសារជំងឺនោះ មិនត្រូវបានអ្នកភូមិយកទៅកប់ចោលទេ គឺបានយកមកចំអិនបរិភោគតាមគ្រួសារនីមួយៗ និងអាចលក់សាច់ចេញខ្លះផង ។
របាយការណ៍របស់ការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថា នៅស្រុកជីក្រែងមានសត្វជ្រូកឈឺចំនួន១.៧២៥ក្បាល (ក្នុងនោះងាប់ចំនួន៥៨៣ក្បាល) នៅស្រុកសូទ្រនិគម មានសត្វជ្រូកឈឺចំនួន៩៣៦ក្បាល(ក្នុងនោះងាប់ចំនួន៤១៨ក្បាល) ។
ពេទ្យសត្វមូលដ្ឋានបានឲ្យដឹងថា សត្វជ្រូកដែលងាប់ជាបន្តបន្ទាប់ក្នុងចំនួនរាប់រយក្បាល ធ្វើឲ្យអ្នកភូមិព្រួយបារម្ភនោះ គឺកើតជំងឺត្រចៀកខៀវ ហៅជាភាសាអង់គ្លេសថា "PRRS" ដែលអាចឆ្លងរាលដាលពីសត្វជ្រូកដែលឈ្មួញនាំចូលពីប្រទេសជិតខាង យកមកលក់នៅប្រទេសកម្ពុជា ។
មិនទាន់មានប្រភពពីមន្ត្រីជំនាញថ្នាក់ជាតិបញ្ជាក់ឲ្យដឹង អំពីកម្រិតនៃផលគ្រោះថ្នាក់ដល់សុខភាពមនុស្សដែលបានបរិភោគសត្វជ្រូកងាប់ ដោយសារជំងឺត្រចៀកខៀវ (Porcine Reproductive & Respiratory Syndrome-PRRS)នោះនៅឡើយទេ ៕