ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់ និងមានអាសនៈនៅក្នុងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ ធ្លាប់បាន និងបន្តប្រកាន់ជំហររបស់ខ្លួនអះអាងថា សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក ផាន វ៉ាន់ខាយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ គឺធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ។ លើសពីនេះ មជ្ឈដ្ឋានជាច្រើនទៀតក៏បានអះអាងដែរថា សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ គឺមិនស្របទៅនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅក្នុងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (ប្រើប្រាស់ផែនទីខុសខ្នាត) ។ ប៉ុន្តែទន្ទឹមនឹងនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋដែលបានតាមដានដំណើរការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចោទជាសំណួរថា ហេតុអ្វីបានជាអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ មិនប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យមានការពិនិត្យអំពីធម្មនុញ្ញភាពនៃសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម តាមនីតិវិធី ដើម្បីចង់បានចម្លើយពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញថា តើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម នោះស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ? តើអាចមានអាថ៌កំបាំងអ្វីដែរឬទេ ?
ប្រការ៣ ចំណុចទី១ និងចំណុចទី២ នៃសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលបានក្លាយជាច្បាប់ និងត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ បានចែងថា "ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារបច្ចេកទេសសម្រាប់សម្រួលដល់ដំណើរការ ការងារខណ្ឌសីមា និងបោះង្គោលព្រំដែនគោក ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ៖ ១-ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗនឹងពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគីនៃការចម្លងឡើងវិញ នូវខ្សែព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន អមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ មកលើផែនទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ។ …, ២-ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ពឡើងវិញនូវផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន៤០ផ្ទាំង ដែលមានឋានលេខាដូចគ្នានឹងផែនទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ជា៥ច្បាប់ ។" ។ ពោលគឺ សន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម បានផ្តោតលើការប្រើប្រាស់ផែនទី UTM ខ្នាត ១/៥០.០០០សឹងទាំងស្រុង ។
ដោយឡែក មាត្រា២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " ។
អនុលោមតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងខាងលើ គឺបានបង្ហាញថា ការប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ នៅក្នុងសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម ទាំងឆ្នាំ១៩៨៥ក្តី ទាំងឆ្នាំ២០០៥ក្តី មិនស្របទៅនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញស្តីពីបូរណភាពទឹកដី ដែលកំណត់ឲ្យប្រើប្រាស់ផែនទីខ្នាត ១/១០០.០០០ នោះទាំងស្រុង ។
មាត្រា១៤១ថ្មី កថាខណ្ឌទី១ និងមាត្រា១៤២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឲ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ ។ …បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឲ្យប្រើ ឬយកទៅអនុវត្តន៍បានឡើយ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ " ។
ដូច្នេះ បើយល់ឃើញថា ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នោះ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ការប្រើប្រាស់ "ផែនទីខុសខ្នាត" អាចសង្ស័យនាំឲ្យមានការបាត់បង់ទឹកដីកម្ពុជា ហេតុអ្វីបានជាអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ មិនព្រមប្តឹងទៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យមានការពិនិត្យអំពីធម្មនុញ្ញភាពសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីឈានទៅលុបចោល ឬមោឃភាពសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ២០០៥ក្តី ឬឆ្នាំ១៩៨៥ក្តី ? ហេតុអ្វីអ្នកនយោបាយចាប់អារម្មណ៍នឹងការនិយាយ ឬជជែកគ្នាអំពីផែនទីក្លែងក្លាយ ហើយបែកគំនិតឈានប្រុងទៅធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ? ឬក៏ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឈ្វេងយល់ឃើញថា ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមិនឯករាជ្យ និងលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច ទើបមិនព្រមប្តឹង ឬមិនទាន់ដល់ពេលត្រូវប្តឹង ? ឬក៏អាចមានអាថ៌កំបាំងនយោបាយអ្វីផ្សេងទៀត ?
សង្ឃឹមថា នាពេលបច្ចុប្បន្នក្តី ឬនៅពេលអនាគតខាងមុខឆាប់ៗក្តី កម្ពុជានឹងមានអ្នកនយោបាយគិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដជាចម្បង ចូលរួមដឹកនាំប្រទេសជាតិទាំងមូលឲ្យស័ក្តិសមមានឈ្មោះថា "ជាអ្នកនយោបាយជាតិ" មិនមែន "ជាអ្នកនយោបាយដូរបាយ ដូរបុណ្យស័ក្តិ និងដូរអំណាច" ទៅចុះ ! ៕