បន្ទាប់ពីលោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសម័យរដ្ឋកម្ពុជា ទទួលមរណភាពអំឡុងឆ្នាំ២០០១ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិមរតកជាផ្ទះសម្បែង និងដីធ្លីច្រើនកន្លែង មានតម្លៃរាប់លានដុល្លារអាមេរិកនោះ គឺជម្លោះបែងចែកកេរមរតក ក៏បានកើតឡើងយ៉ាងក្តៅគគុកផងដែរ រវាងលោកស្រី ឧកញ៉ា ឡុង សាខន ស៊ិន សុង ជាភរិយាសពលោក ស៊ិន សុង និងកូនប្រុសច្បងសពលោក ស៊ិន សុង ជាមួយលោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ខណៈទីតាំងដីបញ្ចុះតម្កល់សពលោក ស៊ិន សុង ទំហំជាង៧ហិកតា ឋិតនៅជាប់ផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មួយផ្នែកធំ ក៏ត្រូវស្ថាប័នតុលាការរឹបអូសសម្រាប់ធានាសំណងឲ្យម្ចាស់បំណុលដែរ តាមរយៈការដាក់ដេញថ្លៃលក់ឡាយឡុង ។
រឿងជម្លោះបែងចែកកេរមរតកសពលោក ស៊ិន សុង អតីតជាថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា នាសម័យរដ្ឋកម្ពុជា ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅត្រង់ថា កូនប្រុសច្បងរបស់សពលោក ស៊ិន សុង និងលោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ម្នាក់ បានចោទប្រកាន់លោកស្រីឧកញ៉ា ឡុង សាខន ស៊ិន សុង ត្រូវជាម្តាយបង្កើតរបស់ខ្លួនថា បានរួមដៃជាមួយកូនដើមក្លែងបន្លំឯកសារផ្សេងៗ និងក្លែងបន្លំស្នាមមេដៃរបស់ខ្លួន ដើម្បីយកអចលនទ្រព្យកេរមរតកឪពុកបង្កើតរបស់ខ្លួនមួយចំនួន ទៅដាក់បញ្ចាំនៅធនាគារ បានលុយបង្វែរទៅទិញអចលនទ្រព្យផ្សេងៗទៀត ទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ព័ស្តុតាងជាឯកសារតាមការបញ្ជាក់របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថា លោកស្រី ឡុង សាខន ស៊ិន សុង ភរិយាសពលោក ស៊ិន សុង បានក្លែងបន្លំស្នាមមេដៃកូនប្រុសបង្កើតម្នាក់របស់លោកស្រីឈ្មោះ ស៊ិន វិសាល ដើម្បីយកអចលនវត្ថុជាភូមិគ្រឹះមួយកន្លែង ឋិតនៅផ្លូវលេខ៦៣ កែងផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៤៩២៧ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទៅដាក់បញ្ចាំនៅធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៧ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អំពើរបស់លោកស្រី ឧកញ៉ា ឡុង សាខន ស៊ិន សុង ដែលបានក្លែងស្នាមមេដៃទាយាទរបស់សពលោក ស៊ិន សុង និងត្រូវជាកូនបង្កើតរបស់លោកស្រីផងនោះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមិនស័ក្តិសមជាអំពើរបស់អ្នកជំនួញត្រូវជាភរិយាអតីតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាម្នាក់ ត្រូវប្រព្រឹត្តនោះឡើយ ។
លោកស្រី ឡុង សាខន ស៊ិន សុង ជាពាណិជ្ជករម្នាក់មានទ្រព្យសម្បត្តិមហាសាល និងត្រូវជាភរិយាសពលោក ស៊ិន សុង ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៩/៩០៥ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩ ៕