ទោះបីគេហទំព័រសារព័ត៌មាន ដើមត្នោត ធ្លាប់បានផ្សព្វផ្សាយអស់ជាច្រើនលើកច្រើនសារួចមកហើយ ពាក់ព័ន្ធនឹងមន្ត្រីរាជការមួយចំនួន ជាពិសេសមន្ត្រីទូតកម្ពុជាប្រចាំនៅបរទេស ប្រើប្រាស់សញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខុសឆ្គង (មិនស្របនឹងសញ្ញាណទង់ជាតិកំណត់ក្នុងមាត្រា៦ កថាខណ្ឌទី២ ឧបសម្ព័ន្ធទី១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា) យ៉ាងអនាធិបតេយ្យ ទាំងលើឆាកជាតិ ទាំងឆាកអន្តរជាតិក៏ដោយ ក៏ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនរវីរវល់យកចិត្តទុកដាក់ធ្វើការកែលំអឈានទៅមានការប្រើប្រាស់ឲ្យបានត្រឹមត្រូវឡើយ ហើយទង់ជាតិដែលខុសឆ្គងនោះ ត្រូវបានយកមក Post ក្នុង Page នៃបណ្តាញព័ត៌មានសង្គម Facebook ប្រើឈ្មោះ និងរូបថតបុរសខ្លាំងថែមទៀត ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញឲ្យឃើញថា ក្នុងជំនួបរវាងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោក Xi Jinping ប្រធានាធិបតីចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ ហើយត្រូវបានគេយកមកបង្ហោះក្នុង Page ដាក់ឈ្មោះ និងរូបថតបុរសខ្លាំង ដើរតួជាម្ចាស់ Page ផងនោះ បែរជាមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសចិន ប្រើប្រាស់សញ្ញាណទង់ជាតិកម្ពុជាគ្មានកាំជណ្តើរឡើងទៅចំខ្លោងទ្វារប្រាសាទទាំងបីឡើយ ដែលជាសញ្ញាណទង់ជាតិខុសឆ្គង ឬមិនស្របទៅនឹងសញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដ ដែលបានកំណត់ក្នុងមាត្រា៦ កថាខណ្ឌទី២ ឧបសម្ព័ន្ធទី១ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
មជ្ឈដ្ឋានអ្នកជាតិនិយម និងអ្នកវិភាគព្រឹត្តិការណ៍នយោបាយជាតិនៅកម្ពុជា បានលើកឡើងថា ការណ៍ដែលថ្នាក់ដឹកនាំប្រទេសទាំងមូលមិនចាប់អារម្មណ៍ទៅនឹងការប្រើប្រាស់សញ្ញាណទង់ជាតិរបស់ខ្លួនមានការខុសឆ្គងនោះ គឺស្មើនឹងអំពើមិនផ្តល់តម្លៃ ឬមិនគិតគូរដល់ជាតិរបស់ខ្លួនពិតប្រាកដទេ ហើយក៏អាចធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដាក់ការសង្ស័យថា ថ្នាក់ដឹកនាំប្រទេសប្រភេទនោះជាប្រភេទថ្នាក់ដឹកនាំគិតតែអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងបក្ខពួកជាធំប៉ុណ្ណោះ ។
សូមប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាធ្វើការចាប់អារម្មណ៍ និងមានវិធានការទៅលើរូបភាពនៃការប្រើប្រាស់សញ្ញាណទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលខុសឆ្គងនោះផង ដើម្បីឈានទៅទទួលបាននូវភាពត្រឹមត្រូវឡើងវិញ ៕