កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ ក្រសួងការពារជាតិជប៉ុនបានស្នើសុំបង្កើនថវិកាប្រចាំឆ្នាំលើវិស័យយោធា ចំនួន២,២% ពោលគឺស្មើនឹង៤២,៣៨ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៦ខាងមុខ ដែលជាខ្ទង់ចំណាយដ៏ច្រើនបំផុតរបស់ជប៉ុនលើវិស័យយោធា ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ ប្រសិនបើសំណើនេះត្រូវបានអនុម័តយល់ព្រម ក្នុងគោលបំណងធ្វើទំនើបកម្មវិស័យយោធាផង និងពង្រឹងការគ្រប់គ្រងប្រជុំកោះរបស់ខ្លួននៅសមុទ្រចិនខាងកើត ដែលឋិតនៅជិតដែនសមុទ្រមានជម្លោះជាមួយប្រទេសចិនផង ។
ការបង្កើនគម្រោងចំណាយលើវិស័យយោធារបស់ជប៉ុននេះ គឺសម្រាប់បំពេញតម្រូវការឲ្យមានយានយន្តយោធាប្រភេទ AAV7 ជាច្រើនគ្រឿង ដែលអាចបើកបរបានទាំងនៅលើគោក ទាំងនៅលើទឹក, យន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿង និងយន្តហោះដឹកជញ្ជូនសម្ភារៈយោធាជាច្រើនគ្រឿងទៀត ៕