ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ក្រសួងមហាផ្ទៃ​នឹង​ផ្តល់​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ចាប់ពី​ថ្ងៃ​ទី​០១​ខែកញ្ញា​ខាង​មុខ​នេះ​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ ធ្វើការ​នៅ​បរទេស​នោះ​ គឺ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ក្រសួង​នឹង​ចាប់ផ្តើម​ផ្តល់​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ ជូន​ពលករ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​ តទៅ​ ដែល​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​នេះ​ មាន​កម្រាស់​១៦​ទំព័រ​ និង​មាន​សុពលភាព​រយៈពេល​៥​ឆ្នាំ​ ជា​ឯកសារ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​ដែល​ពលករ​កម្ពុជា​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ និង​ធ្វើ​ការងារ​ជា​ផ្លូវការ​ ខណៈ​លិខិតឆ្លងដែន​ដែល​ពលករ​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ នៅ​បន្ត​ប្រើប្រាស់​ជា​ធម្មតា​រហូត​ដល់​អស់​សុពលភាព​ ។​

​ក្រសួងមហាផ្ទៃ​ ដែល​មាន​សម្តេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ជា​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ពលករ​កម្ពុជា​ដែល​មាន​បំណង​សុំ​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ ត្រូវ​ស្នើ​សុំ​តាម​រយៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ត្រូវ​បំពេញបែបបទ​ដោយ​ផ្ទាល់​នៅ​នាយកដ្ឋាន​លិខិត​ឆ្លង​ដែរ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ក្រសួងមហាផ្ទៃ​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ សៀវភៅ​ស្នាក់​នៅ​ ឬ​សៀវភៅ​គ្រួសារ​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ មាត្រា​៦​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ បាន​ចែង​ថា​ "​ការ​បង់ថ្លៃ​សេវា​រដ្ឋបាល​លើ​ការ​ចេញ​លិខិត​ធ្វើ​ដំណើរ​ពលករ​ធ្វើការ​នៅ​បរទេស​ ជា​បន្ទុក​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ និង​ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​មហាផ្ទៃ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​ "​ ៕​

Passport-Wolker Passport-Wolker1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.