មន្ត្រីយោធាម្នាក់កំពុងជិះទោចក្រយានយន្តម៉ាក Scoopy ពណ៌ទឹកក្រូច លាយខ្មៅ គ្មានពាក់ស្លាកលេខ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចនគរបាលធ្វើឃាត់ខ្លួនកាលពីវេលាម៉ោង១៧ល្ងាច នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ បន្ទាប់ពីមានយុវតីនិស្សិតម្នាក់បានឃើញ និងស្គាល់ទោចក្រយានយន្តរបស់ខ្លួនដែលបាត់អស់រយៈពេល២ឆ្នាំ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញកន្លងមក រួចប្តឹងប៉ូលិសខណ្ឌទួលគោក ឲ្យជួយអន្តរាគមន៍ ។
បុរសជាជនសង្ស័យដែលត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនពេលកំពុងជិះទោចក្រយានយន្តតាមផ្លូវសាធារណៈនោះ មានឈ្មោះ ហេង សុភាលីម អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាបម្រើការងារនៅការិយាល័យអន្តរាគមន៍ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯនារីរងគ្រោះដែលសំណាងល្អបានឃើញ និងស្គាល់ទោចក្រយានយន្តរបស់ខ្លួនដែលបាត់នោះ មានឈ្មោះ ហៀង សុថាដានីន អាយុ២០ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់យុវតីនិស្សិតរងគ្រោះ បានឲ្យដឹងថា នាងបានបាត់ម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BM-1827 កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅម្តុំផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈនាងចូលទិញចំណីអាហារ ។ ក្រោយពេលម៉ូតូត្រូវចោរលួចបាត់ភ្លាមៗ នាងក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយ ។ ស្រាប់តែនៅវេលាម៉ោង១៧ល្ងាច នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ពោលគឺរយៈពេល២ឆ្នាំក្រោយមក នាងក៏បានប្រទះឃើញម៉ូតូរបស់នាងកំពុងត្រូវបានបុរសម្នាក់ជិះ រួចក៏ប្តឹងប៉ូលិសឲ្យឃាត់ខ្លួនបុរសនោះតែម្តងទៅ ។
ជនសង្ស័យជាមន្ត្រីយោធាឈ្មោះ ហេង សុភាលីម ដែលត្រូវប៉ូលិសឃាត់ខ្លួននោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនបានទិញម៉ូតូនេះបន្តពីបុរសម្នាក់ ដោយគ្មានស្លាកលេខ និងគ្មានពន្ធទេ រួចហើយខ្លួនក៏បានយកទៅបង់ពន្ធ និងធ្វើស្លាកលេខត្រឹមត្រូវ ប៉ុន្តែស្លាកលេខធ្វើមិនទាន់ហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញបាននិងកំពុងស៊ើបអង្កេតស្រាវជ្រាវអំពីករណីខាងលើនេះបន្តទៀត ដើម្បីឈានទៅកំណត់អត្តសញ្ញាណចោរលួចម៉ូតូរបស់និស្សិតរងគ្រោះ ។
នេះគឺជារឿងរ៉ាវផ្តល់ជាមេរៀនមួយដែលប្រិយមិត្តអ្នកអានត្រូវតែប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តទិញយានជំនិះបន្តពីនរណាម្នាក់ដែលគ្មានអត្តសញ្ញាណ និងគ្មានភាពស្របច្បាប់ឲ្យបានច្បាស់លាស់ ជៀសវាងនាំឲ្យមានការខូចប្រយោជន៍ និងរងគ្រោះដល់ខ្លួនឯងជាយថាហេតុ ៕