ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

គណៈមេធាវី​វង្វេង​កាលបរិច្ឆេទ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​ បាន​ធ្វើ​ឲ្យ​សមាជិក​គណៈមេធាវី​ និង​មជ្ឈដ្ឋាន​ដទៃ​ទៀត​ហួសចិត្ត​ផង​ និង​រិះគន់​ផង​ ដោយសារ​ស្ថាប័ន​អ្នកចេះ​ដឹង​ និង​បម្រើ​វិស័យ​យុត្តិធម៌​មួយ​នេះ​វង្វេងវង្វាន់​កាលបរិច្ឆេទ​នៃ​ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨(២០១៥-២០១៨)​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ សម្រាប់​ឈាន​ទៅ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​របស់​គណៈមេធាវី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ គណៈមេធាវី​បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​១៨៤០/​គ​.​ម​/១៥​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ ចុះហត្ថលេខា​ដោយ​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​ ជម្រាប​ជូន​សមាជិក​-​សមាជិកា​គណៈមេធាវី​ទាំងអស់​អំពី​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨(២០១៥-២០១៨)​ ចំនួន​១០៣​នាក់​ បន្ទាប់​ពី​ទទួល​បានការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​នា​សម័យប្រជុំ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៥​រួច​មក​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​នោះ​ គឺ​បញ្ជីរាយនាម​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​៨(២០១៥-២០១៨)​ទាំង​១០៣​នាក់​ បែរជា​ត្រូវ​បាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​គណៈមេធាវី​ ចុះហត្ថលេខា​ដាក់​កាលបរិច្ឆេទ​នា​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៥​ទៅ​វិញ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ ដោយ​បានឃើញ​ស្ថាប័ន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វង្វេងវង្វាន់​កាលបរិច្ឆេទ​ ការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ផ្លូវការ​ពោរពេញ​ទៅ​ដោយ​ភាព​ខ្ជីខ្ជា​ធ្វេសប្រហែស​បែប​នេះ​ (​ជូនដំណឹង​អំពី​បញ្ជី​ឈ្មោះ​បេក្ខជន​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ តែ​បញ្ជី​ឈ្មោះ​បេក្ខជន​ចុះហត្ថលេខា​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៥​ តាម​របៀប​កូន​កើត​មុន​ឪ​ ព​តា​ដើរ​លេង​)​ ។​

​សូម​គណៈមេធាវី​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មេត្តា​ពង្រឹង​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​របស់​ខ្លួន​ឡើង​វិញ​ផង​ ឲ្យ​ស័ក្តិ​សមជា​ស្ថាប័ន​ប្រមូលផ្តុំ​ដោយ​អ្នកចេះ​ដឹង​ និង​បម្រើ​វិស័យ​យុត្តិធម៌​ពិតប្រាកដ​នៅ​កម្ពុជា​ ៕​

BAKC-Vote-2015-1 BAKC-Vote-2015-6

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.