មជ្ឈដ្ឋានដែលបានឃើញប័ណ្ណសំគាល់ខ្លួនលេខ២៣២បល ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ របស់ឯកឧត្តមមេធាវី គង់ ទីលីន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឋិតក្រោមអង្គភាពខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ចុះហត្ថលេខាដោយឯកឧត្តម ឃុន ជិនកេន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនោះ បានសម្តែងនូវការភ្ញាក់ផ្អើលផង និងរិះគន់ផង ដោយសារក្រោមក្លៀកសម្តេចក្រឡាហោម ស ខេង មានសម្តែងរឿងគួរឲ្យអស់សំណើច និងហួសចិត្តមួយ មានចំណងជើងថា "កូនកើតមុនឪ ពតាដើរលេង" ។
ខ្លឹមសារនៃសាច់រឿង "កូនកើតមុនឪ ពតាដើរលេង" បានឆ្លុះបញ្ចាំងឲ្យឃើញថា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបទទួលបានការប្រោសព្រះរាជទានគោរមងារពីព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ជាសម្តេចក្រឡាហោម ស ខេង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦៣៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ប៉ុណ្ណោះ តែផ្ទុយទៅវិញ ប័ណ្ណសំគាល់ខ្លួនលេខ២៣២បល ចុះហត្ថលេខាដោយឯកឧត្តម ឃុន ជិនកេន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ បានបញ្ជាក់អំពីមុខងារឯកឧត្តម គង់ ទីលីន ថា ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ក្រោមអង្គភាពខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ។ ពោលគឺ បើយោងតាមប័ណ្ណសំគាល់ខ្លួនលេខ២៣២បល ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ របស់ឯកឧត្តម គង់ ទីលីន ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង មានន័យថា ឯកឧត្តម ស ខេង ទទួលបានគោរមងារជាសម្តេចក្រឡាហោម ស ខេង តាំងពីពាក់កណ្តាលឆ្នាំ២០១៤មកម្ល៉េះ (Sic!) ។
សូមប្រិយមិត្តអ្នកអានធ្វើការជួយពិចារណា និងវាយតម្លៃផងថា តើរឿង "កូនកើតមុនឪ ពតាដើរលេង" ដែលមានតួអង្គសុទ្ធតែមានងារជាឯកឧត្តម ដូចជាឯកឧត្តម ឃុន ជិនកេន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម មេធាវី គង់ ទីលីន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តែងក្រោមក្លៀកសម្តេចក្រឡាហោម ស ខេង សមដែរឬទេ ? ៕