ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ មិនយកប្រាក់បៀវត្សរ៍ម្នាក់ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៤៧ផង គឺឯកឧត្តម គង់ ទីលីន ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ជានាយនគរបាលជាន់ខ្ពស់ អត្តលេខ៥៤៦៩៤ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៧៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ។
លោកមេធាវី គង់ ទីលីន អត្តលេខ៤៤៧ ដែលជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ទទួលបានការតែងតាំងជាទីប្រឹក្សាឯកឧត្តម ស ខេង (បច្ចុប្បន្នសម្តេចក្រឡាហោម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយមិនយកប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៤៧ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ពោលគឺទទួលបានងារគេហៅថា "ឯកឧត្តមមេធាវី" ។
មកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តមមេធាវី គង់ ទីលីន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ក៏ត្រូវបានព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ បំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នាយនគរបាលជាន់ខ្ពស់ អត្តលេខ៥៤៦៩៤ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៧៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ជូនដែរថា លោក គង់ ទីលីន អាយុ៣៣ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៤៧ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៦ (បានក្លាយជាមេធាវីពេញសិទ្ធិនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧) ។ ក្រោយមក លោកមេធាវី គង់ ទីលីន ក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧(១២.១០.២០១២-១៦.១០.២០១៥) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា យោងតាមឋានន្តរស័ក្តិ និងតួនាទីរបស់លោកមេធាវី គង់ ទីលីន បច្ចុប្បន្ន និងក្នុងករណីលោកមេធាវី គង់ ទីលីន បន្តឋិតនៅជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈនោះ គឺគេត្រូវហៅលោកមេធាវីរូបនេះថា "ឯកឧត្តម ឧត្តមសេនីយ៍ មេធាវី គង់ ទីលីន" ៕