ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ដែលប្រព្រឹត្តទៅអស់រយៈពេល០២ថ្ងៃ បានបញ្ចប់រួចរាល់ហើយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ គឺបេក្ខជននៅរង់ចាំចង់ដឹងតែការប្រកាសលទ្ធផលប្រឡងប៉ុណ្ណោះ ដែលនឹងប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ (សម្រាប់នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល) និងប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ (សម្រាប់នៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត) និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា បេក្ខជនដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៥នេះ មានចំនួនសរុប៨៤.៩៣០នាក់(ក្នុងនោះស្រីចំនួន៤០.៩៧២នាក់) បែងចែកជា១៥០មណ្ឌលប្រឡង ត្រូវជា៣.៤២៧បន្ទប់ នៅទូទាំងប្រទេស (ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១២៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន២៤មណ្ឌល) ។ ប៉ុន្តែក្នុងដំណើរការប្រឡងរយៈពេល០២ថ្ងៃកន្លងទៅនេះ មានបេក្ខជនអវត្តមានសរុបចំនួន១.៥៨៩នាក់ (ក្នុងនោះស្រីចំនួន៥៥២នាក់) ស្មើនឹង១,៨៧ភាគរយនៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប ។
ថ្វីដ្បិតដំណើរការប្រឡងបាក់ឌុបឆ្នាំ២០១៥បានបញ្ចប់ទៅហើយមែន ប៉ុន្តែបានបន្សល់ទុកនូវអនុស្សាវរីយ៍ជារូបភាពលាក់ និងយកព្រុយយ៉ុងតាមខ្លួនប្លែកៗគួរឲ្យចាប់អារម្មណ៍របស់បេក្ខជនប្រឡងមួយចំនួន ដូចខាងក្រោម ៖
១-មានការយក Smart Watch ដែលជាឧបករណ៍ទំនើបអាច Call SMS, គិតលេខ, មានកាមេរ៉ា និងមានមុខងារពិសេសៗមួយចំនួនទៀត…។ល។ ដាក់តាមខ្លួន តែត្រូវចាប់បាន ។
២-មានការសរសេរសំណៅព្រុយយ៉ុងដាក់លើស្បែកជើង តែត្រូវចាប់បាន ។
៣-មានការសរសេរសំណៅព្រុយយ៉ុងនៅលើក្រដាសប្រាក់ដាក់តាមខ្លួន តែត្រូវចាប់បាន ។
៤-មានការសរសេរសំណៅព្រុយយ៉ុងបង្កប់ក្នុងរបត់លុយដាក់តាមខ្លួន តែត្រូវចាប់បាន…។ល៕