ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

និស្សិត​ពេទ្យ​ម្នាក់​ឌុ​ប​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប​ ត្រូវ​ចោរឆក់​កាបូប​ដួល​បោក​ក្បាល​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​

​និស្សិត​សិក្សា​នៅ​សាលា​ថែទាំ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​ស្ត្រី​ម្នាក់​ ខណៈ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ឌុ​ប​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប​ មក​ដល់​ចំណុច​មុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ លើ​កំណាត់​មហាវិថី​កង​យោធពលខេមរភូមិន្ទ​(​ផ្លូវ​លេខ​២៧១)​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ បណ្តាល​ឲ្យ​ដួល​ធ្លាក់​ពីលើ​ទោចក្រយានយន្ត​បោក​ក្បាល​នឹង​ទ្រូង​ថ្នល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​យ៉ាង​អាណោចអាធ័ម​ នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ។​

​នារី​រង​គ្រោះ​ដែល​ជា​និស្សិត​ពេទ្យ​ជួប​ហេតុការណ៍​ចោរឆក់​កាបូប​ បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំង​ព្រឹក​ព្រលឹម​នេះ​ មានឈ្មោះ​ ម៉ក់​ ប៉ុន​កន្និកា​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ម្កាក់​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​នារី​រង​គ្រោះ​ជិះ​ទោចក្រយានយន្ត​ម៉ាក​ Honda​ Dream​ C125​ ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល​1F-9283​ ឌុ​ប​គ្នា​ម្នាក់​ទៀត​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ មាន​ជនសង្ស័យ​២​នាក់​ជិះ​ទោចក្រយានយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក​ បើកបរ​ស្រប​ទិស​គ្នា​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​នារី​រង​គ្រោះ​ ប៉ុន្តែ​ឆក់​មិន​បាន​សម្រេច​ ក៏​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល​បោក​ក្បាល​នឹង​ទ្រូង​ថ្នល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​យ៉ាង​អាណោចអាធ័ម​ ខណៈ​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​នោះ​ បាន​នាំ​គ្នា​ជិះ​ទោចក្រយានយន្ត​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ ។​

​សាច់ញាតិ​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ថ្ងៃ​កើតហេតុ​ នារី​រង​គ្រោះ​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ត្រូវជា​វេន​ប្រចាំការ​ពេញ​មួយ​ថ្ងៃ​ ។​ លុះ​ព្រឹក​ព្រលឹម​ឡើង​ នាង​រូតរះ​ជូន​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ស្រាប់តែ​ជួប​រឿង​អកុសល​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​បំផុត​តែ​ម្តង​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ហេតុការណ៍​ចោរឆក់​កាបូប​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​បាត់បង់​ជីវិត​នេះ​ គឺ​នារី​រង​គ្រោះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ទេ​ ទោះបីនាងមានមួកសុវត្ថិភាពដាក់ជាប់តាមទោចក្រយានយន្តក៏ដោយ ៕​

Accident-med.

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.