យោងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើសេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលលេខ៦០សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស លើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា, លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ដោយបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យធ្វើជាសមាជិកគណៈកម្មការអន្តរក្រសួងនេះ ។ ប៉ុន្តែអ្វីដែលជាប្រការគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហៅឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ថាជា នាយឧត្តមសេនីយ៍ (ផ្កាយ៤) និងហៅមុខតំណែងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ថាជា អគ្គស្នងការរាជធានីភ្នំពេញ (Sic!) ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នករាជការមួយចំនួន បានសម្តែងនូវការរិះគន់ទៅលើការតាក់តែងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលទាំងមូល បែរជាមិនស្គាល់ច្បាស់អំពីឋានន្តរស័ក្តិ និងមុខតំណែងរបស់លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ទៅវិញ ជាពិសេសកំហុសឆ្គងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបុរសខ្លាំងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាលើសេចក្តីសម្រេចទាំងបិទភ្នែក បង្ហាញអំពីរបៀបរបបធ្វើការខ្ជីខ្ជា ធ្វេសប្រហែសឲ្យតែរួចពីដៃ ៕