រថយន្តម៉ាក 4 Runner មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-3196 បើកបរដោយបុរសម្នាក់ទាំងអាការៈស្រវឹងស្រាជោកជាំ បានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក Hilux Vigo ពណ៌ក្រហម ពាក់ស្លាកលេខរដ្ឋ25.2-0374 ជិះគ្នា៤នាក់ សុទ្ធតែជាបុរសទាំងអស់ ក្នុងទិសដៅបញ្ច្រាសគ្នានៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ឋិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីរាត្រីម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ បណ្តាលឲ្យរថយន្ត Hilux Vigo ដាច់កាឡេកង់មុខខាងឆ្វេង ទៅមុខលែងរួច និងរថយន្ត 4 Runner ខ្ទាតឡើងទៅលើសួនច្បារមុខទីស្តីការគណៈរដ្ឋមន្ត្រី ។
ដោយសារអ្នកបើកបររថយន្តបង្កម៉ាក 4 Runner មានអាការៈស្រវឹងស្រាជោកជាំពេក មិនអាចនិយាយសម្រួលចរចាគ្នាជាមួយអ្នកបើកបររថយន្ត Hilux Vigo ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកសម្រេចធ្វើការវាស់វែង និងយករថយន្តទាំងពីរទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ។
យោងតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះត្រង់មាត្រា៥ និងមាត្រា៩ គឺរថយន្តម៉ាក Hilux Vigo ពាក់ស្លាកលេខរដ្ឋ25.2-0374 ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ជារថយន្តទ្រព្យសម្បត្តិរដ្ឋ ប្រើប្រាស់ដោយមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ៕