អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា លោកស្រី អៀង ធីរិទ្ធ ជាជនជាប់ចោទក្នុងសំណុំរឿង០០២នៃសាលាក្តីខ្មែរក្រហម និងត្រូវជាភរិយាសពជនជាប់ចោទ អៀង សារី អតីតមេដឹកនាំខ្មែរក្រហម បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ នៅខេត្តប៉ៃលិន ក្នុងជន្មាយុ៨៣ឆ្នាំ ។
លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបវាលពិឃាតខ្មែរក្រហម ត្រូវបានសាលាក្តីខ្មែរក្រហមចោទប្រកាន់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ ក្នុងសំណុំរឿង០០២ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ។ ជនជាប់ចោទរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែដាក់ឲ្យឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនាឆ្នាំ២០១២ បន្ទាប់ពីរកឃើញថា មានជំងឺវង្វេងវង្វាន់បាត់ការចងចាំ (មិនមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ) ។
ស្វាមីរបស់លោកស្រី អៀង ធីរិទ្ធ គឺលោក អៀង សារី មានឈ្មោះជាយួនថា គឹម ត្រាង អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ដែលជាប់ចោទនៅសាលាក្តីខ្មែរក្រហមដែរនោះ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង០៨និង៣៥នាទីព្រឹក នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ក្នុងជន្មាយុ៨៨ឆ្នាំ ៕