ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មាន​រង្វាស់រង្វាល់​អ្វី​សម្រាប់​វាស់វែង​ និង​ធានា​លើ​ការ​ដេញថ្លៃ​ក្នុង​សំណុំរឿង​អនុវត្តន៍​របស់​តុលាការ​ថា​មិន​ពុក​រលួយ​?

​មាន​សំណុំរឿង​អនុវត្តន៍​ និង​ការ​ចាត់​នីតិវិធី​លក់​ដោយ​បង្ខំ​លើ​អចលនវត្ថុ​ ឬ​ចលនវត្ថុ​តាម​របៀប​លក់​ឡាយឡុង​ជា​ច្រើន​នៅ​ស្ថាប័ន​តុលាការ​អនុវត្តន៍​នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ ជា​ពិសេស​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​អនុវត្តន៍​ផ្ទាល់​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​លក់​ឡាយឡុង​ធានា​សង​សំណង​ដល់​ម្ចាស់បំណុល​នៃ​ការ​អនុវត្តន៍​ (​ភាគី​ឈ្នះក្តី​នៅ​ស្ថាប័ន​តុលាការ​ដែល​ក្លាយជា​ម្ចាស់បំណុល​នៃ​ការ​អនុវត្តន៍​ មានកម្ម​វត្ថុ​រឹបអូស​អចលនវត្ថុ​ ឬ​ចលនវត្ថុ​របស់​កូនបំណុល​នៃ​ការ​អនុវត្តន៍​ ជា​ភាគី​អ្នក​ចាញ់ក្តី​ ឬ​ជន​អនុវត្តន៍​ទោសទណ្ឌ​ ត្រូវ​សង​សំណង​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​)​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​នីតិវិធី​លក់​ឡាយឡុង​អចលនវត្ថុ​របស់​កូនបំណុល​នៃ​ការ​អនុវត្តន៍​ ក្នុង​សំណុំរឿង​អនុវត្តន៍​ដោយ​បង្ខំ​ ដែល​អនុវត្តន៍​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ គឺ​ ៖​ ១-​គ្មាន​ការ​ប្រកាស​ជូនដំណឹង​អំពី​ការ​ចូលរួម​ដេញថ្លៃ​ឲ្យ​បាន​ទូលំទូលាយ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទទួល​ដំណឹង​ចូលរួម​ដេញថ្លៃ​ភាគច្រើន​ជា​បណ្តាញ​របស់​មន្ត្រី​ស្ថាប័ន​តុលាការ​ស្រាប់​ ឬ​គ្មាន​អ្នកចូលរួម​ដេញថ្លៃ​ប្រកួតប្រជែង​ច្រើន​គ្នា​ ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ដេញថ្លៃ​លេងល្បិច​សមគំនិត​គ្នា​ទទួលយក​ផលប្រយោជន៍​ក្រោម​តុ​ (​ទឹកតែ​)​ នាំ​ឲ្យ​តម្លៃ​អចលនវត្ថុ​ដែល​ត្រូវ​លក់​ទាប​ខ្លាំង​ជាង​តម្លៃ​លើ​ទីផ្សារសេរី​…​។​ ២-​គ្មាន​អ្នកជំនាញ​ខាង​លទ្ធកម្ម​សាធារណៈ​ចូលរួម​ត្រួតពិនិត្យ​លើ​ការ​ដេញថ្លៃ​ជាមួយ​មន្ត្រី​តុលាការ​ឡើយ​…​។​ល​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា​ ការ​ដេញថ្លៃ​ដែល​អនុវត្តន៍​ដោយ​ស្ថាប័ន​តុលាការ​ឯកឯង​ ក្នុង​ករណី​គ្មាន​សុចរិត​ភាព​ និង​គ្មាន​តម្លាភាព​ ឬ​បង្កប់​ដោយ​អំពើ​ពុក​រលួយ​នោះ​ គឺ​នាំ​ឲ្យ​មានការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​របស់​កូនបំណុល​នៃ​ការ​អនុវត្តន៍​ និង​ក៏​នាំ​ឲ្យ​មានការ​ខាតបង់​ដល់​ផលប្រយោជន៍​របស់​ម្ចាស់បំណុល​នៃ​ការ​អនុវត្តន៍​ រួម​ទាំង​ផលប្រយោជន៍​របស់​អ្នកចូលរួម​ចែក​ចំណែក​ផង​ដែរ​ ។​

​ក្រុម​អ្នក​ច្បាប់​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ដែរ​ថា​ សព្វ​ថ្ងៃនេះ​មិន​ទាន់​មាន​រង្វាស់រង្វាល់​អ្វី​សម្រាប់​វាស់វែង​ និង​ធានា​អំពី​សុចរិត​ភាព​ និង​តម្លាភាព​លើ​ការ​ចាត់​នីតិវិធី​ដេញថ្លៃ​ក្នុង​សំណុំរឿង​អនុវត្តន៍​របស់​តុលាការ​នៅឡើយ​ទេ​ ។​

​ដូច្នេះ​ សូម​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ មេត្តា​មាន​វិធានការ​ត្រួតពិនិត្យ​ទៅ​លើ​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ក្នុង​សំណុំរឿង​អនុវត្តន៍​របស់​ស្ថាប័ន​តុលាការ​ ឲ្យ​មាន​តម្លាភាព​ និង​មាន​សុចរិត​ភាព​ផង​ ដើម្បី​ធានា​ដល់​ផលប្រយោជន៍​ច្បាប់​ ផលប្រយោជន៍​របស់​កូនបំណុល​នៃ​ការ​អនុវត្តន៍​ និង​ផលប្រយោជន៍​របស់​ម្ចាស់បំណុល​នៃ​ការ​អនុវត្តន៍​ ព្រមទាំង​ផលប្រយោជន៍​របស់​អ្នកចូលរួម​ចែក​ចំណែក​ ៕​

Ang-Vong-vathana-30

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.