ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ស្តី​ពី​បូរណភាព​ទឹកដី​ ទំនងជា​គេច​មិន​ផុត​ពី​ការ​ធ្វើ​វិសោធនកម្ម​ឡើយ​

​តម្រុយ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តី​ពី​បូរណភាព​ទឹកដី​ គឺ​បាន​កើតឡើង​រួច​ហើយ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ខណៈ​ខ្នាត​ផែនទី​ដែល​ប្រើប្រាស់​ក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ មើលឃើញ​ថា​ មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​ខ្នាត​ផែនទី​ចែង​នៅ​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ (​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កំណត់​ឲ្យ​ប្រើ​ផែនទី​ខ្នាត​១/១០០.០០០​ រីឯ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​និង​វៀតណាម​ឆ្នាំ​១៩៨៥​ ប្រើ​ផែនទី​ខ្នាត​១/៥០.០០០)​ ។​

​ការ​ចុះ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ រវាង​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ផា​ន​ វ៉ា​ន់ខា​យ​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ បាន​បង្កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ខ្លាំងក្លា​ណាស់​ មុន​ពេល​ទទួល​បានការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​នោះ​ ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ពោល​គឺ​ សមាសភាព​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ (Cambodia​ Watchdog​ Council-CWC)​ រួម​មាន​ លោក​ រ៉ុ​ង​ ឈុ​ន​,​ លោក​ ជា​ មុនី​,​ លោក​ ម៉ែ​ន​ ណាត​ និង​លោក​ អៀ​ ចាន់​ណា​ ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​នា​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០០៥​ ប្រកាស​ថា​ ជា​រឿង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​បូរណភាព​ទឹកដី​ ទទួល​រង​ការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​អស់​មួយ​រយៈពេល​ (​លោក​ រ៉ុ​ង​ ឈុ​ន​)​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុ​ជាមួយ​ចំនួន​ ធ្លាប់​បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៥៥​នៃ​រដ្ឋធម្មនុញ្ញ​ "​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​"​ និង​មាត្រា​១៥០​ថ្មី​ កថាខណ្ឌ​ទី​២​ "​ច្បាប់​និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​"​ គឺ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ ត្រូវ​តែ​លុប​ចោល​ជា​អសារ​បង់​ ។​

​ឥឡូវនេះ​ សន្ធិសញ្ញា​បំពេញបន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ រវាង​កម្ពុជា​-​វៀតណាម​ (​ព្រំដែន​គោក​)​ មិន​ត្រឹមតែ​មិន​ត្រូវ​បាន​លុប​ចោល​នោះ​ទេ​ គឺ​បែរជា​លេច​ចេញ​មាន​តម្រុយ​ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ស្តី​ពី​បូរណភាព​ទឹកដី​ទៅ​វិញ​ ទោះបី​គេ​មិន​ទាន់​បានដឹង​ថា​ មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវធ្វើ​វិសោធនកម្ម​ ទៅ​ជា​របៀប​យ៉ាងណា​នៅឡើយ​ក៏​ដោយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ទំនងជា​នឹង​អាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដ៏​រឹង​មាំ​នៅ​កម្ពុជា​ ក្នុង​ការ​អនុម័ត​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ស្តី​ពី​បូរណភាព​ទឺ​ក​ដី​ ដើម្បី​ជា​ផលប្រយោជន៍​ថ្នូរ​នឹង​ការ​ដោះ​លែង​សកម្មជន​គណបក្ស​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជិត​២០​នាក់​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន​ បាន​បញ្ចេញមតិ​ថា​ បញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ស្តី​ពី​បូរណភាព​ទឹកដី​ មិន​ត្រូវធ្វើ​វិសោធនកម្ម​តម្រូវ​ឲ្យ​ស្រប​ទៅ​តាម​ស្មារតី​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ រវាង​កម្ពុជា​និង​វៀតណាម​ តាម​របៀប​"​កាត់​ក្បាល​តម្រូវ​មួក​"​ នោះ​ឡើយ​ ដោយ​គ្រាន់តែ​រៀបចំ​ចែង​បន្ថែម​នូវ​ចំណុច​ខ្វះខាត​សម្រាប់​កំណត់ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ដទៃ​ទៀត​ក្រៅពី​ប្រទេស​វៀតណាម​ គឺជា​ការ​ស្រេច​ ៕​

Hun-Sen-Power

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.