ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ថ្ងៃ​ម្សិលមិញ​

​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ ដែល​មានរឿង​អាស្រូវ​ច្រើន​ករណី​ឋិត​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ នោះ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ ដាក់​ពន្ធនាគារ​ខេត្តកណ្តាល​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​វីតិក្រម​ (​ជា​អំពើ​របស់​អ្នករាជការ​សាធារណៈ​ ទទួលយក​ផលប្រយោជន៍​ដែល​ខ្លួន​ដឹង​ថា​ខុសច្បាប់​)​ មាន​ ACU​ ជា​ម្ចាស់​ករណី​ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ក្នុង​បទល្មើស​គ្រឿងញៀន​ម្នាក់​ឈ្មោះ​ ថាវ​ ថា​វី​ ហៅ​ឡុ​ង​ រ៉ា​វី​ អាយុ​៣២​ឆ្នាំ​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នា​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ជា​ថ្នូរ​នឹង​រថយន្ត​វត្ថុ​តាង​១​គ្រឿង​ម៉ាក​ Audi​ Q7​ តម្លៃ​ប្រមាណ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​រថយន្ត​វត្ថុ​តាង​ដ៏​ទំនើប​នោះ​ធ្លាប់​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​កូនប្រុស​បង្កើត​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ម្នាក់​ឈ្មោះ​ អាំង​ មុនី​ ជា​អធិការរង​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឺហា​ ។​

​ធ្លាក់​ក្នុង​សភាព​ "​កម្ម​ពៀរ​"​ ឬ​ "​យីអ៊ុន​ដាក់​"​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ដូច្នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ បាន​ព្យាយាម​បិទ​បាំង​មុខមាត់​តាំងពី​ពេល​ចាក​ចេញពី​តុលាការ​ខេត្តកណ្តាល​ រហូត​ដល់​ពន្ធនាគារ​ខេត្តកណ្តាល​ មិន​ឲ្យ​អ្នកកាសែត​តាម​ប្រមាញ់​រូបថត​បាន​ឡើយ​ ។​

​អនុលោម​តាម​មាត្រា​៥៩៣​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​វីតិក្រម​ និង​ប្រសិនបើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​កំហុសឆ្គង​មែន​នោះ​ អាច​នឹង​ប្រឈម​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​ ។​

​អ្នក​តាមដាន​សំណុំរឿង​ក្តី​លោក​ចៅក្រម​ អាំង​ មាលតី​ តាំងពី​ដើម​ទី​រៀង​មក​ បាន​លើក​ឡើង​ថា​ នេះ​អាច​ជា​សំណុំរឿង​ក្តី​ទី​១​ដែល​ ACU​ មាន​ឯកឧត្តម​ បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បាន​ចាត់ការ​ទៅ​លើ​លោក​ចៅក្រម​ អាំង​ មាលតី​ ពីព្រោះ​លោក​ចៅក្រម​ អាំង​ មាលតី​ មានរឿង​អាស្រូវ​ជា​ច្រើន​កំពុង​ឋិត​នៅ​ក្នុង​ដៃ​ ACU​ ។​

​លោក​ អាំង​ មាលតី​ អាយុ​៥៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​អំឡុង​ឆ្នាំ​១៩៨៣​ និង​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​-​ឧត្តរមានជ័យ​ នា​ដើមឆ្នាំ​២០០២​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ នា​ចុងឆ្នាំ​២០០៥​ ។​ ក្រោយមក​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ចុងឆ្នាំ​២០០៧​ ។​ តម​ក​ទៀត​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ខែមេសា​ ឆ្នាំ​២០១៤(​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អស់​រយៈពេល​ជិត​៧​ឆ្នាំ​)​ ។​ នៅ​ទីបំផុត​ លោក​ចៅក្រម​រូប​នេះ​បាន​ជួប​រឿង​អកុសល​ ហើយ​ក៏​ត្រូវ​បាន​ដក​ហូត​មុខ​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​មក​ឈរជើង​នៅ​ក្រសួងយុត្តិធម៌​នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្រោម​ទម្ងន់​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​មិន​ដល់​រយៈពេល​១​ឆ្នាំ​ទេ​)​ និង​ក៏​មានរឿង​អាស្រូវ​ជា​ច្រើន​ធ្លាក់​ក្នុង​សមត្ថកិច្ច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ តាំងពី​ពេល​នោះ​មក​ ។​

​លោក​ចៅក្រម​ អាំង​ មាលតី​ មានកូន​ប្រុស​បង្កើត​ចំនួន​២​នាក់​ បាន​ធ្វើ​ជា​ចៅក្រម​ កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ ជា​អាទិ៍​ ៖

១-​លោក​ អាំង​ ចិន្តា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៣​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៨៣៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១០​ ។​ បច្ចុប្បន្ន លោកចៅក្រម អាំង ចិន្តា ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារ ជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៥ ។

២-​លោក​ អាំង​ សុភា​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​

​លើស​ពី​នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ នៅ​មានកូន​ប្រុស​ម្នាក់​ទៀត​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ឈ្មោះ​ អាំង​ មុនី​ កាន់​តួនាទី​ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​នាម​ជា​ចៅក្រម​ម្នាក់​ដែល​ធ្លាប់​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​អ្នក​ដទៃ​ដាក់​ពន្ធនាគារ​ជា​ហូរហែ​ (​មាន​ទាំង​យុត្តិធម៌​ មាន​ទាំង​អយុត្តិធម៌​)​ ឥឡូវ​បែរជា​ធ្លាក់ខ្លួន​មក​ជាប់គុក​វិញ​ គឺ​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រាកដជា​មាន​អារម្មណ៍​មិន​ធូរស្រាល​ទេ​ ហើយ​អាច​ប្រឈម​នឹង​ការ​លុបឈ្មោះ​ពី​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ទៀត​ផង​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.