ឈានចូលមកដល់ឆ្នាំ២០១៥នេះ ការផ្សព្វផ្សាយ Post ឯកសារ និងមតិយោបល់តាមរយៈបណ្តាញព័ត៌មានសង្គម Facebook បានក្លាយជាមុខសញ្ញារបស់រាជរដ្ឋាភិបាល ឬមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជា ធ្វើការចោទប្រកាន់ជាហូរហែទៅលើអ្នកធំគណបក្សនយោបាយប្រឆាំង គឺគណបក្សសង្គ្រោះជាតិ និងគណបក្សសម រង្ស៊ី ។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ និងថ្កោលទោសទៅលើឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣ មកពីគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងការបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ តាម Facebook កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ម្សិលមិញថា ជាការក្លែងឯកសារសាធារណៈ និងជាការប្រព្រឹត្តអំពើឧក្រិដ្ឋ ។ ដោយឡែក នៅថ្ងៃដដែលនេះដែរ បុរសខ្លាំងបានប្រកាសឲ្យសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនឯកឧត្តម ហុង សុខហួរ ជាមួយនឹងការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិ និងជាបទល្មើសជាក់ស្តែង ។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ មកពីគណបក្សប្រជាជនកម្ពុជា ធ្លាប់បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យទៅលើឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ឯកឧត្តម អ៊ុំ សំអាន ថា បានផ្សព្វផ្សាយតាម Facebook នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នាំឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងជាការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ។
ឯកឧត្តម អ៊ុំ សំអាន ត្រូវបានទទួលរងការដាក់ទណ្ឌកម្មវិន័យចំនួន៣ចំណុច ពីសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា រួមមាន ៖ ១-កាត់ប្រាក់បំណាច់ប្រចាំខែ ៥០% ក្នុងរយៈពេល០២ខែ ។ ២-ប្រកាសផ្សាយជាសាធារណៈនូវសម្រង់កំណត់ហេតុបន្ទោស ព្រមទាំងយកទៅបោះពុម្ព ហើយបិទនៅគ្រប់ឃុំក្នុងមណ្ឌលខេត្តសៀមរាប ។ ៣-ហាមមិនឲ្យចូលធ្វើការក្នុងរដ្ឋសភាក្នុងវេលា១៥ពេលប្រជុំជាបន្តបន្ទាប់ ។
សរុបសេចក្តីមក ការណ៍ដែលព័ត៌មានតាម Facebook ក្លាយជាមុខសញ្ញាចោទប្រកាន់ជាហូរហែពីសំណាក់ថ្នាក់ដឹកនាំគណបក្សនយោបាយកាន់កាប់អំណាច ទៅលើអ្នកធំនៃគណបក្សនយោបាយប្រឆាំងនៅកម្ពុជា គឺធ្វើឲ្យមជ្ឈដ្ឋាននានាទាញបាននូវមេរៀនចំនួនពីរដូចខាងក្រោម ៖
១-បណ្តាញព័ត៌មានសង្គម Facebook បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ ។
២-ការប្រើប្រាស់បណ្តាញសង្គម Facebook ទាំងព័ត៌មាន ទាំងរូបភាព ទាំងឯកសារ ទាំងការបញ្ចេញមតិយោបល់ ត្រូវតែមានការប្រុងប្រយ័ត្ន លៃលកយ៉ាងណាឲ្យសមស្របទៅតាមច្បាប់របស់បុរសខ្លាំងនៃកម្ពុជា ៕