ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយសាច់រឿង និងអះអាងជាសាធារណៈឲ្យដឹងថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកផ្តួចផ្តើមគំនិតឲ្យមានការពិនិត្យលទ្ធភាពធ្វើវិសោធនកម្មត្រង់មាត្រា២នៃរដ្ឋធម្មនុញ្ញ ស្តីពីបូរណភាពទឹកដី ដោយបុរសខ្លាំងលើកយកសារ SMS របស់ឯកឧត្តម សម រង្ស៊ី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង០៧និង៤៩នាទី មកធ្វើជាសំអាង ។
ពាក់ព័ន្ធនឹងគម្រោងការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ស្តីពីបូរណភាពទឹកដីនោះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ម្សិលមិញ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រចាំប្រទេសន័រវេស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ករណីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ មានន័យថា "ធ្វើជាតិប្រហារ" ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWC) សូមចាត់ទុកថា "ជាជនក្បត់ជាតិ" នូវជនទាំងឡាយណាដែលនឹងចូលរួមអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នោះ ។
មាត្រា២នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " ។
អនុលោមតាមមាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ " គឺការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញអាចប្រព្រឹត្តទៅបានលុះត្រាតែមានការចូលរួមគាំទ្រទាំងគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាច ទាំងគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំងនៅកម្ពុជា ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពការកំណត់ព្រំដែនគោករវាងកម្ពុជានិងវៀតណាម កំពុងចម្រូងចម្រាសនៅឡើយនោះ គឺការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញស្តីពីបូរណភាពទឹកដីមិនគួរត្រូវធ្វើទេ ៕