ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

តុលាការ​បង្គាប់​ឲ្យ​រឹបអូស​ប្រាក់​មូលនិធិ​អតីត​ប្រធានាធិបតី​ ស៊ូ​ហារ​តូ​ ៣២៥​លាន​ដុល្លារ​ចូល​រដ្ឋ​វិញ​

​អង្គការ​មូលនិធិ​មួយ​ឈ្មោះ​ Supersemar​ Foundation​ ដែល​បាន​បង្កើត​ឡើង​ដោយ​សព​អតីត​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ស៊ូ​ហារ​តូ​ (Suharto)​ ដើម្បី​ផ្តល់​អាហារូបករណ៍​សាកលវិទ្យាល័យ​ដល់​ជន​ក្រីក្រ​ ត្រូវ​បាន​តុលាការ​កំពូល​ស៊ើបអង្កេត​រក​ឃើញ​ថា​ ក្រុម​គ្រួសារ​របស់​សព​លោក​ ស៊ូ​ហារ​តូ​ ប្រើប្រាស់​ដើម្បី​បន្លំ​យក​លុយ​របស់​រដ្ឋាភិបាល​ ក្នុងអំឡុងពេល​លោក​អតីត​ប្រធានាធិបតី​ ស៊ូ​ហារ​តូ​ កាន់កាប់​អំណាច​ ។​

​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូ​នេ​ស៊ី​ បាន​និយាយ​កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា​ តុលាការ​កំពូល​ឥណ្ឌូ​នេ​ស៊ី​ បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​បង្គាប់​ឲ្យ​អង្គការ​មូលនិធិ​ Supersemar​ Foundation​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​សព​អតីត​ប្រធានាធិបតី​ ស៊ូ​ហារ​តូ​ បង់ប្រាក់​មក​ឲ្យ​រដ្ឋាភិបាល​វិញ​ចំនួន​៣២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ថវិកា​បាន​មក​ពី​ការ​លួច​បន្លំ​ ។​

​លោក​ឧត្តមសេនីយ៍​យោធា​ ស៊ូ​ហារ​តូ​ បាន​កាន់កាប់​អំណាច​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ រហូត​ដល់​ពេលវេលា​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ផ្តួលរំលំ​នៅ​អំឡុង​ឆ្នាំ​១៩៩៨​ ។​ លោក​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០០៨​ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​ ។​

​អង្គការ​តម្លាភាព​អន្តរជាតិ​ឃ្លាំមើល​អំពើ​ពុក​រលួយ​ (Graft​ Watchdog​ Transparency​ International)​ បាន​វាយតម្លៃ​ថា​ លោក​ឧត្តមសេនីយ៍​យោធា​ ស៊ូ​ហារ​តូ​ ជា​មេដឹកនាំ​កំពូល​ពុក​រលួយ​បំផុត​ ដោយ​បាន​កិបកេង​លួច​បន្លំ​ថវិការដ្ឋ​ប្រមាណ​ពី​១៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៣៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​អំឡុង​រយៈពេល​លោក​កាន់កាប់​អំណាច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជាង​៣០​ឆ្នាំ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.