ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ទីបំផុត ទណ្ឌិត ឈូក បណ្ឌិត ប្រើ «​ស្ទីល​» ឧកញ៉ា សុខ ប៊ុន ចូល​សារភាព​តាម​ការប្រកាស​រប​ស់បុ​រស​ខ្លាំង​

​នៅ​ទីបំផុត ទណ្ឌិត ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​ក្លាយជា​អ្នកទោស​ឋិត​នៅក្រៅ​គុក​អស់​រយៈពេល​ជាង​២​ឆ្នាំ ក្នុង​សំណុំរឿង​បាញ់ប្រហារ​កម្មការិនី​ចំនួន​៣​នាក់ បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ «Kao Way» ឋិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត នៃ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​សឹង​បាត់បង់​ជីវិត​នោះ បានសម្រេច​ចិត្ត​ចូលមក​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៥​នេះ ហើយ​នៅវេលា​ម៉ោង​ប្រមាណ​១៦ រសៀល នា​ថ្ងៃ​ដដែល ទណ្ឌិត ឈូក បណ្ឌិត ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅដល់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​ការចូល​សារភាព​របស់​ទណ្ឌិត ឈូក បណ្ឌិត ដែល​រត់គេច និង​ពួន​សំងំ​លាក់ខ្លួន​ពី​ការ​ប្រមាញ់​ចាប់ខ្លួន​របស់​សមត្ថកិច្ច​តាម​ដីកា​បង្គាប់​របស់​តុលាការ​អស់​រយៈពេល​ជាង​២​ឆ្នាំ​នោះ គឺ​បាន​កើតឡើង​ជិត​១​សប្តាហ៍ ក្រោយពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ​។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​សំណុំរឿង​ក្តី​លោក ឈូក បណ្ឌិត តាំងពី​ដើមទី​រៀងមក បាន​លើកឡើងថា ទណ្ឌិត ឈូក បណ្ឌិត ទីបំផុត បាន​ប្រើ «​ស្ទីល​» លោក​ឧកញ៉ា សុខ ប៊ុន ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើហិង្សា​លើក​ញ្ញា ឯក សុជាតា ហៅ សា​សា អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍ CTN ដែល​បាន​ចូល​សារភាព​ដល់​រាជធានី​ភ្នំពេញ តាម​ការប្រកាស​របស់​បុរស​ខ្លាំង​។​

​គួរ​រំលឹក​ជូន​ថា លោក ឈូក បណ្ឌិត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១០ អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​តាំងពី​សាលាដំបូង​ខេត្តស្វាយរៀង សាលាឧទ្ធរណ៍ រហូតដល់​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​សម្រេច​ដាក់ពន្ធនាគារ​កំណត់​១៨​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​៣៨​លាន​រៀល​ឲ្យ​ជនរងគ្រោះ​ជា​កម្មការិនី​ទាំង​៣​នាក់​ជាដើម​បណ្តឹងរដ្ឋប្បវេណី ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា ធ្វើ​ឲ្យ​ជនជាប់ចោទ​រូបនេះ ក្លាយជា​ទណ្ឌិត ប៉ុន្តែ​បានគេច​ខ្លួន​ផុតពី​ការអនុវត្តន៍​ទោស​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តស្វាយរៀង បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ពាក់កណ្តាល​ឆ្នាំ​២០១៣៕​

9kdpgt2i

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.