ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

តុលាការ​កំពូល​ “​ច្រៀក​ខ្លួន​”​ លោក​ សយ​ សុភាព​ ថៅកែ​កាសែត​ដើម​អម្ពិល​ជា​ពីរ​ចម្រៀក​ ឲ្យ​ចូលរួម​សវនាការ​២​សំណុំរឿង​

​យោង​តាម​ដីកាកោះ​ ចុះ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ អ៊ុ​ក​ គឹ​ម​សិទ្ធិ​ អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ លោក​ សយ​ សុភាព​ ដែល​គេ​ស្គាល់​ថា​ ជា​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​ និង​ជា​បណ្ណាធិការ​កាសែត​ដើម​អម្ពិល​ដ៏​ល្បីឈ្មោះ​ ដោយសារ​មានឱកាស​និយាយ​ទូរស័ព្ទ​ផ្ទាល់​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ត្រូវ​បាន​បង្គាប់​ឲ្យ​ចូលខ្លួន​ចូលរួម​សវនាការ​នៅ​តុលាការ​កំពូល​ចំនួន​២​សំណុំរឿង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០៨​ព្រឹក​ខាង​មុខ​ គឺ​រឿង​ក្តី​ប្រឆាំង​នឹង​ឈ្មោះ​ រស់​ សុ​ឃិ​ត​ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​(​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៩៥​ ចុះ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​)​ ក្នុង​នាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ផង​ និង​រឿង​ក្តី​ត្រូវ​លោក​ស័ក្តិ​៥​ ទូច​ គង្គា​ នាយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ថៅកែ​កាសែត​នគរវត្ត​ ប្តឹង​ប្រឆាំង​ពី​បទ​ប៉ះពាល់​ដល់​ការ​ឆ្លើយឆ្លង​តាម​លិខិត​ (​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣២៨​ ចុះ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​តុលាការ​កំពូល​)​ ក្នុង​នាម​ជា​ជនជាប់ចោទ​ផង​ ។​

​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​នៅ​ត្រង់​មាន​សំណួរ​ត្រូវ​ចោទសួរ​ថា​ តើ​លោក​ សយ​ សុភាព​ ត្រូវ​"​ច្រៀក​ខ្លួន​"​ របៀប​ណា​ ដើម្បី​ចូលរួម​សវនាការ​នៅ​តុលាការ​កំពូល​ ក្នុង​សំណុំរឿង​ពីរ​ផ្សេង​គ្នា​ មាន​ពេលវេលា​តែ​មួយ​ (​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥)​ តាម​ការ​បង្គាប់​របស់​តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល​ ?

​គេ​មិន​ទាន់​បានដឹង​ថា​ តើ​លោក​ សយ​ សុភាព​ ដែល​ជា​បុរស​មាន​ឥទ្ធិពល​ទាំង​អំណាច​ ទាំង​លុយកាក់​ ក្នុង​វិស័យ​សារព័ត៌មាន​សម័យ​"​សម្តេច​តេ​ជោ​ សែន​"​ សម្តែង​នូវ​ប្រតិកម្ម​ ឬ​យល់​ឃើញ​យ៉ាងណា​នៅឡើយ​ទេ​ ទៅ​នឹង​ចំណាត់ការ​របស់​តុលាការ​កំពូល​ ដែល​ចេញ​ដីកាកោះ​បង្គាប់​ឲ្យ​មនុស្ស​ម្នាក់​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង​ក្តី​ផ្សេង​គ្នា​ នា​ពេលវេលា​តែ​មួយ​ដូច្នេះ​ ?

​សង្ឃឹមថា​ លោក​ សយ​ សុភាព​ នឹង​ឈ្វេងយល់​អំពី​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​ខាងលើ​នេះ​ ហើយនឹង​ជួយ​ចូលរួម​ចំណែក​កែ​លំអ​របៀបរបប​ធ្វើការ​របស់​ស្ថាប័ន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម័យ​បុរស​ខ្លាំង​កាន់កាប់​អំណាច​ផង​ ៕​

Ouk-Kimsith Say-Sopheap Say-Sopheap-1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.