ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ល្បី​ពេញ​ខេត្តសៀមរាប​ ករណី​កូនប្រសា​មេ​គុក​វាយ​ ជេរ​ប្រមាថ​ និង​គំរាម​សម្លាប់​លើ​ប៉ូលិស​ចរាចរណ៍​ជា​ស្ត្រី​ម្នាក់​

​កាលពី​រសៀល​ថ្ងៃ​អង្គារ​ ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប​ជា​ស្ត្រី​ម្នាក់​ ឈ្មោះ​ ទូច​ មុំ​ អាយុ​២៤​ឆ្នាំ​ ខណៈ​កំពុង​បំពេញការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​តាម​គោលដៅ​ ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ ហៅ​ធូ​ រស់នៅ​ភូមិ​វត្ត​ស្វាយ​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ វាយ​ធ្វើបាប​ ជេរ​ប្រមាថ​ និង​គំរាម​បើករថយន្ត​កិន​សម្លាប់​ទៀត​ផង​ ដោយសារ​នគរបាល​ចរាចរណ៍​ជា​ស្ត្រី​រូប​នោះ​ព្យាយាម​ឃាត់​បុរស​ទំនើង​បើកបរ​រំលោភ​បំពាន​ច្បាប់​ចរាចរណ៍​ឲ្យ​ឈប់​ ។​ ករណី​នេះ​ បាន​បង្ក​ឲ្យ​មាន​មានការ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ល្បីល្បាញ​ពេញ​ខេត្តសៀមរាប​ ដោយសារ​បុរស​ទំនើង​ជា​ជន​បង្ក​រូប​នោះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ ជា​កូនប្រសា​លោក​មេ​គុក​ខេត្តសៀមរាប​ និង​បុរស​ទំនើង​បាន​រួចខ្លួន​មាន​សេរីភាព​អស់​រយៈពេល​២-៣​ថ្ងៃ​មក​ហើយ​ បើ​ទោះបី​បទល្មើស​វាយ​ ជេរ​ប្រមាថ​ និង​គំរាម​សម្លាប់​ ទៅ​លើ​ប៉ូលិស​ចរាចរណ៍​ជា​ស្ត្រី​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​សន្និដ្ឋាន​ថា​ ជា​បទល្មើស​ជាក់ស្តែង​ក៏​ដោយ​ ។​

​នគរបាល​ចរាចរណ៍​មូលដ្ឋាន​ បាន​រៀបរាប់​អំពី​ហេតុការណ៍​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៥​ បុរស​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ ហៅ​ ធូ​ បាន​បើកបរ​ម៉ូតូ​ម៉ាក​ Honda​ Dream​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​ និង​គ្មាន​ពាក់មួក​សុវត្ថិភាព​ ឌុ​ប​ប្រពន្ធ​ជិះ​ជុំវិញ​រង្វង់​មូល​ក្បែរ​ផ្សារ​ចាស់​ ហើយ​ត្រូវ​ ទូច​ មុំ​ ជា​ប៉ូលិស​ចរាចរណ៍​ ព្យាយាម​ឃាត់​បុរស​នោះ​ឲ្យ​ឈប់​ ប៉ុន្តែ​បុរស​ទំនើង​មិន​ព្រម​ឈប់​ទេ​ ហើយ​ជិះ​ម៉ូតូ​សំដៅ​មក​រក​បុក​ប៉ូលិស​ និង​យកដៃ​គ្រវាស​ដំបង​ចរាចរណ៍​ប៉ូលិស​ចេញ​ទៀត​ផង​ ។​ ទោះ​យ៉ាងណា​ ប៉ូលិស​ ទូច​ មុំ​ បាន​ឃាត់​កាក់​ម៉ូតូ​បុរស​ទំនើង​រហូត​តែ​ទាល់​ឈប់​ ធ្វើ​ឲ្យ​បុរស​ទំនើង​រូប​នោះ​ក្តៅក្រហាយ​ ចុះ​ពីលើ​ម៉ូតូ​វាយ​ប៉ូលិស​ ទូច​ មុំ​ ចំនួន​២​ដៃ​ចំ​ដៃ​ខាងស្តាំ​ឡើង​ជាំ​ ទើប​មាន​ប៉ូលិស​២​នាក់​ទៀត​រត់​មក​ជួយ​ និង​ដកហូត​ម៉ូតូ​រក្សា​ទុក​ ហើយ​បុរស​ទំនើង​ និង​ប្រពន្ធ​ក៏​ឡើង​ជិះ​រ៉ឺ​ម៉ក​គេចខ្លួន​បាត់​ទៅ​ ។​ ប្រមាណ​៣០​នាទី​ក្រោយមក​ បុរស​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ បាន​បើករថយន្ត​ម៉ាក​ Toyota​ Hybrid​ ពណ៌​ស​ ត្រឡប់​មក​វិញ​ម្នាក់ឯង​ សំដៅ​មក​ទីតាំង​ប៉ូលិស​ ទូច​ មុំ​ ឈរជើង​ រួច​បើក​កញ្ចក់​រថយន្ត​ស្រែក​ជេរ​ប្រមាថ​យ៉ាង​កំរោល​ថា​ "​ង៉ែ​ង​មក​សុំ​ទោស​អញ​ភ្លាម​ បើ​ង៉ែ​ង​មិន​សុំ​ទោស​អញ​ទេ​ អញ​នឹង​បុក​ង៉ែ​ង​ឲ្យ​ងាប់​ក្រោម​ឡាន​ឥឡូវ​"​ ។​ ភ្លាម​នោះ​ ប៉ូលិស​ ទូច​ មុំ​ បាន​យក​ទូរស័ព្ទ​ដៃ​របស់​នាង​មក​ថត​សកម្មភាព​ទាំងនោះ​ ស្រាប់តែ​បុរស​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ បើករថយន្ត​យ៉ាង​លឿន​ចេញ​បាត់​ស្រមោល​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប៉ូលិស​ចរាចរណ៍​ជា​ស្ត្រី​ឈ្មោះ​ ទូច​ មុំ​ ដែល​រង​របួស​ក្នុង​ពេល​បំពេញការងារ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នេះ​ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ប្តឹង​បុរស​ទំនើង​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ ពី​បទ​ ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​គំរាម​សម្លាប់​ ។​

​តាម​ការ​អះអាង​ពី​មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ លោក​ឧត្តមសេនីយ៍​ សត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​នេះ​ប្តឹង​ទៅ​តុលាការ​ជា​សមត្ថកិច្ច​ហើយ​ ។​

​លោក​ឧត្តម​អគ្គានុរក្ស​ ឆែម​ សា​វុ​ធ​ ប្រធាន​ពន្ធនាគារ​ខេត្តសៀមរាប​ ដែល​គេ​បញ្ជាក់​ថា​ ជា​ឪពុកក្មេក​របស់​បុរស​ទំនើង​ឈ្មោះ​ លឹ​ម​ ស្នេហ៍​គំនិត​ នោះ​ មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ ត្រឹម​ថ្ងៃ​សុក្រ​ ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ ៕​

Lim-Snekumnit

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.