ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ស្ថាប័ន​ពីរ​ដែល​ទទួល​ពាក្យបណ្តឹង​ ប៉ុន្តែ​មិន​ឆ្លើយ​តប​លទ្ធផល​ឲ្យ​ដឹង​ទៅ​ម្ចាស់​បណ្តឹង​វិញ​

​ទាំង​អ្នក​ច្បាប់​ ទាំង​ប្រជាពលរដ្ឋ​ ទាំង​ជន​ទាំងឡាយ​ដែល​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ទូល​ថ្វាយ​សុំ​ព្រះរាជ​អន្តរាគមន៍​លើ​ករណី​អ្វីមួយ​ ជា​ពិសេស​ករណី​ទំនាស់​ដីធ្លី​ដ៏​ក្តៅ​គគុក​ ទៅ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ និង​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ប្តឹង​អស់លោក​-​លោកស្រី​ចៅក្រម​ ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់​ បំពាន​នីតិវិធី​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នោះ​ បាន​នាំ​គ្នា​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​ក៏​ស្ថាប័ន​ព្រះមហាក្សត្រ​មាន​ក្រសួងព្រះបរមរាជវាំង​ជា​ភ្នែក​ច្រមុះ​ និង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ហើយ​ បែរជា​មិន​ធ្វើការ​ឆ្លើយ​តប​លទ្ធផល​ឲ្យ​ដឹង​ទៅ​ម្ចាស់​បណ្តឹង​ អំពី​ដំណោះស្រាយ​យ៉ាងណាៗ​នោះ​ទៅ​វិញ​ ?​ ឬ​ក៏​ស្ថាប័ន​ទាំង​ពីរ​នេះ​បង្កើត​ឡើង​សម្រាប់​ទទួល​ពាក្យបណ្តឹង​ដែរ​ តែ​យក​លទ្ធផល​ទៅ​កប់​ចោល​ ?

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួល​សេវា​ពី​ស្ថាប័ន​ព្រះមហាក្សត្រ​ និង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នា​ពេល​កន្លង​មក​ បាន​និយាយ​ឲ្យ​ដឹង​ដូច​ខាងក្រោម​ ៖

១-​ពាក្យបណ្តឹង​ដែល​បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​ដោះស្រាយ​លើ​ករណី​អ្វីមួយ​នោះ​ គឺ​ត្រូវ​បាន​ស្ថាប័ន​ព្រះមហាក្សត្រ​ទទួល​ និង​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជ​សារ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ និង​ដោះស្រាយ​តាម​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​ ។​ ការ​បញ្ជូន​ព្រះរាជ​សារ​នោះ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួងព្រះបរមរាជវាំង​ ។​ ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​បាន​មក​ដល់​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជូន​បន្ត​ទៅ​តាម​មុខសញ្ញា​ទាក់ទង​នឹង​កម្មវត្ថុ​នៃ​បណ្តឹង​ ។​ ឧទាហរណ៍​បើ​កម្មវត្ថុ​បណ្តឹង​ទាក់ទង​នឹង​ករណី​ទំនាស់​ដីធ្លី​ គឺ​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​អាច​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ឬ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​…​។​ល​។​ ដើម្បី​ពិនិត្យ​ និង​ធ្វើ​របាយការណ៍​លើក​យោបល់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ដំណោះស្រាយ​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​វិញ​ ។​

​ចំណុច​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ​ គឺ​របាយការណ៍​លទ្ធផល​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ជា​របាយការណ៍​វិញ​ មិន​ត្រូវ​បាន​ក្រសួងព្រះបរមរាជវាំង​ដែល​មាន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ ឧបនាយករដ្ឋមន្ត្រី​ គង់​ សំ​អុល​ ជា​រដ្ឋមន្ត្រី​ ធ្វើការ​ឆ្លើយ​តប​លទ្ធផល​ឲ្យ​ដឹង​មក​ម្ចាស់​បណ្តឹង​វិញ​ឡើយ​ ហាក់ដូចជា​បញ្ចប់​ "​គ្មាន​ខណ្ឌ​ចប់​"​ ត្រឹមហ្នឹង​ លើកលែងតែ​ម្ចាស់​បណ្តឹង​ប្រឹង​ស្វះស្វែង​ទាក់ទង​ទៅ​កន្លែង​ផ្សេងៗ​ទើប​អាច​ទទួល​បាន​នូវ​លទ្ធផល​នៃ​របាយការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​នោះ​ (Sic!)​ ។​

២-​ពាក្យបណ្តឹង​ដែល​ប្តឹង​អស់លោក​-​លោកស្រី​ ចៅក្រម​ ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​ ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ម្ចាស់​បណ្តឹង​មិន​ដែល​បាន​ទទួល​ព័ត៌មាន​អំពី​ចំណាត់ការ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ទៅ​លើ​ចៅក្រម​ ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​ ដែល​រង​ការ​ប្តឹង​ថា​ យ៉ាងណាៗ​ឡើយ​ ពោល​ដូច​យកពាក្យ​បណ្តឹង​ទៅ​ "​កប់​ចោល​"​ តែ​ម្តង​ ។​ សូ​ម្បី​តែ​ចង់​ដឹង​ថា​ តើ​ពាក្យបណ្តឹង​ដែល​ប្តឹង​នោះ​ខុស​ ឬ​ត្រូវ​ ក៏​មិន​អាច​ដឹង​បាន​ដែរ​ (Resic!)​ ។​

​សរុបសេចក្តី​មក​ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំពោះ​ស្ថាប័ន​ទាំង​ពីរ​ ដូច​បាន​លើក​ឡើង​ខាងលើ​ មេត្តា​ពិនិត្យ​លទ្ធភាព​គិតគូរ​ពិចារណា​លៃលក​យ៉ាងណា​ឲ្យ​មាន​យន្តការ​ឆ្លើយ​តប​នូវ​លទ្ធផល​ទៅ​ម្ចាស់​បណ្តឹង​បានដឹង​វិញ​ផង​ ដើម្បី​ឲ្យ​ម្ចាស់​បណ្តឹង​អស់ចិត្ត​ និង​អាច​ស្វែង​យល់​អំពី​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ៕​

Kong​-Sam-Ol

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.