ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី២ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ ឲ្យដឹងថា ACU បានរៀបចំបោះពុម្ពសៀវភៅសិក្សាប្រឆាំងអំពើពុករលួយចំនួន២០ម៉ឺនក្បាល សម្រាប់សិស្សថ្នាក់ទី៧ ទី៨ និងទី៩ និងសៀវភៅសម្រាប់គ្រូចំនួន៥.០០០ក្បាល ។
មេ ACU បានរាយការណ៍ឲ្យដឹងដែរថា នៅឆ្នាំបន្ទាប់ ACU នឹងរៀបចំសៀវភៅសិក្សាប្រឆាំងអំពើពុករលួយសម្រាប់សិស្សថ្នាក់ទី៤ ទី៥ និងទី៦បន្ថែមទៀត ។
ការរៀបចំចងក្រងបោះពុម្ពសៀវភៅប្រឆាំងអំពើពុករលួយសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន ដោយអង្គភាពប្រឆាំងអំពើពុករលួយនេះ គឺជាផ្នែកមួយនៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបញ្ចូលសកម្មភាពប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាអប់រំ ៕