ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

អភិបាល​ក្រុងព្រះសីហនុ​ត្រូវ​បាន​ដកហូត​តំណែង​ បន្ទាប់​ពី​ស្នើ​ឡើង​ឋានៈ​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​មិន​បាន​សម្រេច​

​អភិបាល​ក្រុងព្រះសីហនុ​ដ៏​មាន​ឥទ្ធិពល​ គឺ​លោក​ ជិន​ សា​រិ​ន​ ត្រូវ​បាន​រាជរដ្ឋាភិបាល​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្រេច​ដកហូត​តំណែង​ហើយ​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បន្ទាប់​ពី​លោក​អភិបាល​ក្រុងព្រះសីហនុ​រូប​នេះ​បាន​ស្នើ​សុំ​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​មិន​បាន​សម្រេច​រួច​មក​ ។​

​ព័ត៌មាន​ច្បាស់​ការណ៍​ បាន​ឲ្យ​ដឹង​ថា​ ពិធី​ផ្ទេរតំណែង​លោក​ ជិន​ សា​រិ​ន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ប្រគល់​ឲ្យ​ទៅ​លោក​ អ៊ី​ សុខ​ឡេ​ង​ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៤​ ជា​អភិបាល​ក្រុងព្រះសីហនុ​ជំនួស​នោះ​ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ចន្ទ​ ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។​

​លោក​ ជិន​ សា​រិ​ន​ អតីតអភិបាលរងខេត្តព្រះសីហនុ ធ្លាប់ទទួល​បានការ​តែងតាំង​ជា​អភិបាល​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ ចាប់តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២​ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​លេខ​លេខ​៧០៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៩​ ។​

​កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​ ជិន​ សា​រិ​ន​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​គោរព​ជូន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស្នើ​សុំ​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ​មួយ​អាណត្តិ​ មុន​ពេល​លោក​ចូល​និវត្តន៍​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ធ្វើ​ចំណា​ចុះ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ របៀប​ផ្តល់​សញ្ញា​លទ្ធផល​អវិជ្ជមាន​ថា​ "​ជូន​ឯកឧត្តម​ សក់​ សេដ្ឋា​ ។​ តាម​ព័ត៌មាន​ មន្ត្រី​រូប​នេះ​មានកា​រខិលខូច​ និង​ប្រតិកម្ម​មិនល្អ​ច្រើន​"​ ។​

​មិន​ទាន់​បានដឹង​ថា​ ក្រោយ​ការ​ដកហូត​តំណែង​ពី​អភិបាល​ក្រុងព្រះសីហនុ​ តើ​លោក​ ជិន​ សា​រិ​ន​ នឹង​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់​មុខ​តំណែង​អ្វី​ថ្មី​សម្រាប់​ថ្ងៃ​អនាគត​នៅឡើយ​ទេ​ ៕​

Chin-SarinChin-Sarin-1Chin-Sarin-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.