ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឧកញ៉ា​ជិត​១០​នាក់​ ដែល​បាន​ហែល​ឆ្លងកាត់​ចំណាត់ការ​តុលាការ​សម័យ​បុរស​ខ្លាំង​ក្នុង​រឿង​ព្រហ្មទណ្ឌ​

​ស្រប​ពេល​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ទទួល​បានការ​តែងតាំង​ងារ​ជា​ឧកញ៉ា​រហូត​ដល់​ជិត​១.០០០​នាក់​នោះ​ គឺ​ទន្ទឹម​នឹង​នេះ​ ក៏​មាន​ឧកញ៉ា​ជា​ច្រើន​នាក់​ដែរ​ ធ្លាប់​បាន​ហែល​ឆ្លងកាត់​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​សម័យ​បុរស​ខ្លាំង​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ ធ្វើ​ឲ្យ​ឧកញ៉ា​ខ្លះ​បង្ខំចិត្ត​រត់គេច​ខ្លួន​ទៅ​បរទេស​ ដ្បិត​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ និង​ឧកញ៉ា​ខ្លះ​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ទល់​សព្វថ្ងៃ​ ខណៈ​ឧកញ៉ា​ទាំងនោះ​ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ តើ​ស្ថាប័ន​តុលាការ​កម្ពុជា​សម័យ​បុរស​ខ្លាំង​ មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ដែរ​ឬទេ​ និង​វិនិច្ឆ័យ​សេចក្តី​ប្រកបដោយ​យុត្តិធម៌​ ឬ​អយុត្តិធម៌​ក្នុង​កម្រិត​ណា​ ?

​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ សូម​លើកយក​អ្នកមាន​ទ្រព្យសម្បត្តិ​ លុយកាក់​ ទទួល​បាន​ងារ​ជា​ឧកញ៉ា​ចំនួន​៦​នាក់​ ដែល​ធ្លាប់​បាន​ហែល​ឆ្លងកាត់​ចំណាត់ការ​តុលាការ​សម័យ​បុរស​ខ្លាំង​ ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ មក​ផ្សព្វផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ បាន​ជ្រាប​និង​ពិចារណា​តាម​ការ​គួរ​ ដូច​ខាងក្រោម​ ៖

១-​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨៩៨/៥៧​ ចុះ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​១៩៩៨)​ ៖​ ធ្លាប់​ត្រូវ​បាន​ចៅក្រម​ស៊ើបអង្កេត​តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​នា​ចុងខែ​សីហា​ ឆ្នាំ​២០០១​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ និង​ក្លែង​លិខិតឯកជន​ ។​ សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ដែល​មានការ​លូកដៃ​ លូក​ជើង​អន្តរាគមន៍​យ៉ាង​សកម្ម​នា​ពេល​នោះ​ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ម្តង​សម្រេច​អន្តរាគមន៍​ ជំរុញ​ឲ្យ​មានការ​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ (​លិខិត​លេខ​២០៧៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០០១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ និង​ម្តងទៀត​សម្រេច​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​ចាប់ខ្លួន​វិញ​ (​លិខិត​លេខ​៦២៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០០២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ ។​ ទីបំផុត​ សំណុំរឿង​ក្តី​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ត្រូវ​បាន​បញ្ឈប់​ ដោយសារ​ការ​សម្រុះសម្រួល​ជាមួយ​ភាគី​ម្ចាស់​បណ្តឹង​ ។​

២-​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០១/៤៣៦​ ចុះ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០១)​ ៖​ ធ្លាប់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ចុងឆ្នាំ​២០១៤​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នា​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ។​

៣-​លោក​ឧកញ៉ា​ តាន់​ សេង​ហាក់​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៤/០៤៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០០៤)​ ៖​ ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ និង​ផ្តន្ទាទោស​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ព្រមទាំង​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​…​នា​អំឡុង​ឆ្នាំ​២០១១-២០១៣​ ជា​ហូរហែ​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ តាន់​ សេង​ហាក់​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ ។​

៤-​លោក​ឧកញ៉ា​ ឈឿ​ន​ ចាន់​ថន​ ហៅ​ម៉ៅ​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៦/៣៧២​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០០៦)​ ៖​ អតីត​ជា​នាយទាហាន​ពាក់​ផ្កាយ​៣​ និង​អតីត​ជាទី​ប្រឹក្សា​ ព្រមទាំង​ជា​មេបញ្ជាការ​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ រូប​នេះ​ ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​តុលាការយោធា​ចាប់​ និង​ឃុំខ្លួន​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស​ នា​ខែសីហា​ ឆ្នាំ​២០១១​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ ឈឿ​ន​ ចាន់​ថន​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នៅឡើយ​ ។​

៥-​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១០/៧៥៩​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១០)​ ៖​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ និង​ចាប់​ឃុំខ្លួន​នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ នា​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​ការ​ឃុំខ្លួន​នេះ​ គឺ​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ។​

៦-​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​ យាយ​ក្រពើ​ (​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១១/៦០៦​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១១)​ ៖​ អតីត​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​រូប​នេះ​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ខែធ្នូ​ ឆ្នាំ​២០១២​កន្លង​ទៅ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ធ្វើ​ឲ្យ​ប៉ះពាល់​កម្មសិទ្ធិសាធារណៈ​(​ដីធ្លី​)​ តាម​បណ្តឹង​របស់​ឯកឧត្តម​ កែប​ ជុតិមា​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ។​ បច្ចុប្បន្ន​ លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​ យាយ​ក្រពើ​ កំពុង​រស់នៅ​ក្នុង​ស្ថានភាព​រត់គេច​ពួន​សំងំ​លាក់ខ្លួន​នៅ​បរទេស​ ខ្លាចក្រែង​ការ​ស្វែងរក​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​សាធារណៈ​ តាម​ដីកា​បង្គាប់​របស់​តុលាការ​ ៕​

Oknha

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.