ទីបំផុត ដូចការចង់បានរបស់សារព័ត៌មានដើមត្នោត កាលពី២ឆ្នាំមុន គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមពាក់ផ្កាយ៣(ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក) នៅលើស្មាតាមក្បួនខ្នាតហើយ នាចុងខែកក្កដា ឆ្នាំ២០១៥នេះ ខណៈលោកឧត្តមសេនីយ៍វ័យក្មេងដែលស្ពាយចំណេះដឹងមកពីសាលាយោធា West Point សហរដ្ឋអាមេរិក រូបនេះ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) តាំងពីពាក់កណ្តាលឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែចូលចិត្ត និងបន្តពាក់ផ្កាយ២នៅលើស្មាអស់រយៈពេលប្រមាណ២ឆ្នាំ រហូតធ្វើឲ្យសារព័ត៌មាន ដើមត្នោត បានចុះផ្សាយអំពីករណីនេះម្តងហើយម្តងទៀតអស់ជាច្រើនលើកច្រើនសា ក្នុងន័យសំណូមពរ និងទាញអារម្មណ៍ឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រើប្រាស់ឋានន្តរស័ក្តិបានសមស្របទៅនឹងស្មារតីព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាទីសក្ការៈ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ប្រមុខរាជរដ្ឋាភិបាល និងតាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយកាលណោះក៏មានប្រតិកម្មតបតពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ ។
លោក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ (ក្របខ័ណ្ឌនាយអាវុធហត្ថ) ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៦៩ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១០/៩២១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ។ តមកទៀត លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ក្នុងជន្មាយុ៣៥ឆ្នាំទល់បច្ចុប្បន្ន ។
សព្វថ្ងៃ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវជាកូនប្រុសច្បងបុរសខ្លាំង និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានកាន់កាប់មុខតំណែង និងតួនាទីជាច្រើន រួមមាន ៖ ១-នាយរងសេនាធិការចម្រុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។ ២-មេបញ្ជាការរងកងទ័ពជើងគោក ។ ៣-មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។៤-មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និង ៥-សមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ… ។ល។
សារព័ត៌មាន ដើមត្នោត សូមជូនពរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រកបដោយសុខភាពល្អ មានកម្លាំងពលំមាំមួន និងមានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីដឹកនាំកម្លាំងកងយោធពលខេមរភូមិន្ទ ឲ្យមានកិត្យានុភាព ថាមពល ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ ដោយឥតលម្អៀង និងមិនរើសអើងតរៀងទៅ ៕