មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារទៅលើកម្មការិនី៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរសឹងបាត់បង់ជីវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង នោះ បានចាត់ទុកថា ទណ្ឌិត ឈូក បណ្ឌិត ជាជនខ្លាំង មានលុយ និងមានអំណាចអ្នកធំកាងការពារពីក្រោយ ទើបមានឱកាសរត់គេច និងពួនសំងំលាក់ខ្លួនពីការតាមស្វែងរកចាប់ខ្លួនតាមដីការបស់តុលាការ ដោយសមត្ថកិច្ចសាធារណៈ យកមកឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារអស់រយៈពេលជាង២ឆ្នាំទល់សព្វថ្ងៃ (គិតពីថ្ងៃតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ក្រោយពេលមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ នាពាក់កណ្តាលឆ្នាំ២០១៣) ខណៈជនជាប់ចោទ ឬជនត្រូវចោទផ្សេងទៀតបានព្យាយាមរត់គេចដែរ តែមិនផុតពីគុក ជាអាទិ៍ ៖ លោកឧកញ៉ា សុខ ប៊ុន, លោកឧកញ៉ា ថោង សារ៉ាត់ និងលោក ហេង ពៅ…ជាដើម ។ តាមការពិតនៅមានកំពូលអ្នកខ្លាំងម្នាក់ទៀត ឋិតនៅពីលើជនខ្លាំង ឈូក បណ្ឌិត ដែលស្ថាប័នតុលាការមិនទាំងហ៊ានចេញដីកាឃុំ និងចាប់ខ្លួនផង ទោះបីក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានវិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែ(៣០ខែ) ពីបទសូកប៉ាន់ក៏ដោយ គឺលោកស្រីឧកញ៉ា ឌី ប្រឹម ត្រូវជាប្អូនស្រីជីដូនមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រុមអ្នកតាមដានសំណុំរឿងក្តីពហ្មទណ្ឌ និងអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត នៅពេលចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀង វិនិច្ឆ័យសេចក្តីសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ០៦ខែ(១៨ខែ) ពីបទបង្ករបួសស្នាមដោយអចេតនា គឺតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនភ្លាមៗផងដែរ (អវត្តមានជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត នាពេលសវនាការ) ។ ទោះបីពិរុទ្ធជន និងក្លាយជាទណ្ឌិត ឈូក បណ្ឌិត បានរត់គេចពួនសំងំលាក់ខ្លួនដោយសុវត្ថិភាព ពីការតាមប្រមាញ់របស់សមត្ថកិច្ចសាធារណៈក៏ដោយ ក៏ទណ្ឌិត ឈូក បណ្ឌិត មិនស្រណុកសុខស្រួលប៉ុន្មានដែរ ដ្បិតជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ឬនិវេទន៍ក្រហមរបស់សមត្ថកិច្ចប្រឈមនឹងការចាប់ខ្លួនគ្រប់ពេលវេលា តាមដីកាបង្គាប់របស់តុលាការ ។ ដោយឡែក ជនជាប់ចោទឈ្មោះ ឌី ប្រឹម រហូតក្លាយជាពិរុទ្ធជន នៅក្រោយពេលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែ ដោយគ្មានព្យួរទោសពីបទ សូកប៉ាន់ កាលពីចុងឆ្នាំ២០១១ក៏ដោយ ក៏ជនជាប់ចោទរូបនេះមិនត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្វីឡើយ (អវត្តមានជនជាប់ចោទនាពេលសវនាការ) ។ ម្យ៉ាងទៀត កាលពីដំណាក់កាលនីតិវិធីស៊ើបសួរ ជនត្រូវចោទឈ្មោះ ឌី ប្រឹម ក៏មិនត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារអ្វីដែរ ។ លើសពីនេះ ខណៈមានឈ្មោះជាជនជាប់ចោទ និងឈ្មោះជាពិរុទ្ធជននៅស្ថាប័នតុលាការនាចុងឆ្នាំ២០១១រួចហើយ បែរជាពិរុទ្ធជនឈ្មោះ ឌី ប្រឹម ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៧៥៧ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ និងមានឱកាសបម្រើសេវាកម្មរត់ការរឿងក្តី នៅតាមស្ថាប័នតុលាការ តាំងពីសាលាដំបូង សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូលយ៉ាងសកម្ម និងយ៉ាងហ៊ឺហាទៅវិញ (Sic!) ។
សូមបញ្ជាក់ជូនថា លោកស្រី ឌី ប្រឹម មុខរបរជាពាណិជ្ជករ មានស្វាមីជាឧកញ៉ាឈ្មោះ សាន ប្រុស និងត្រូវជាប្អូនស្រីជីដូនមួយបុរសខ្លាំង ដោយសារមានការពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ស៊ីសំណូក-សូកប៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះស្រាយទំនាស់ដីធ្លីមួយកន្លែងទំហំ ៦០.៦៧៥ម៉ែត្រក្រឡា ឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ(អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ រវាងក្រុមប្រជាពលរដ្ឋអះអាងថា មានចំនួន១២០គ្រួសារ និងលោកយាយមេម៉ាយម្នាក់ឈ្មោះ ហួត សារុំ ដើម្បីបានការសម្រេចពីបុរសខ្លាំងតាមស្មារតីលិខិតលេខ៣៨៩ សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមបណ្តឹងរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនោះ ទើបត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែ ពីបទសូកប៉ាន់ ដោយមានឈ្មោះជាពិរុទ្ធជន ទល់សព្វថ្ងៃ ។
សរុបសេចក្តីមក កំពូលអ្នកខ្លាំងឋិតនៅពីលើជនខ្លាំង ឈូក បណ្ឌិត ដែលតុលាការមិនហ៊ានឃុំ និងចាប់ខ្លួន ក្នុងសំណុំរឿងពុករលួយស៊ីសំណូក-សូកប៉ាន់ ដ៏កក្រើកនោះ គឺលោកស្រី ឧកញ៉ា ឌី ប្រឹម ប្អូនស្រីជីដូនមួយបុរសខ្លាំងនៃកម្ពុជា ៕