មានអំពើឃាតកម្មដ៏ព្រៃផ្សៃមួយបានកើតឡើង កាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ឋិតនៅភូមិស្រែរំចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្កដោយប្តីចិត្តអប្រិយម្នាក់ដាច់ចិត្តកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ចំនួន៤កាំបិតផ្គាក់ បណ្តាលឲ្យប៊ិះដាច់ក្បាលចេញពីស្មា ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមភ្លាមៗយ៉ាងអាណោចអាធ័មនៅលើផ្ទះ បន្សល់ទុកនូវកូនតូចៗចំនួន២នាក់កំព្រាម្តាយ ក្រោមហេតុផល យកភ្លើងប្រចណ្ឌធ្វើជាលេស ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីកាប់សម្លាប់នឹងកាំបិតផ្គាក់ត្រូវចំ៤កាំបិត ស្លាប់ភ្លាមៗលើផ្ទះទាំងព្រឹកនោះ(១កាំបិតចំកញ្ចឹងក, ១កាំបិតចំកណ្តាលក្បាល និង២កាំបិតទៀតចំដៃខាងស្តាំ) មានឈ្មោះ អ៊ុង ឡន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ ។ រីឯបុរសជាប្តីដែលក្លាយជាឃាតកដៃដល់កាប់សម្លាប់ប្រពន្ធរបស់ខ្លួននោះ មានឈ្មោះ វង គៀង អាយុ៤៤ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ដោយប្តី-ប្រពន្ធមួយគូនេះមានកូន២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៦ឆ្នាំ ។
តាមសម្តីអ្នកភូមិដែលបាននិយាយប្រាប់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុ គ្រួសារប្តី-ប្រពន្ធនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្តីចិត្តអប្រិយលើកដៃកាប់សម្លាប់ប្រពន្ធនឹងកាំបិតផ្គាក់ បណ្តាលឲ្យស្លាប់មួយរំពេច ។ ក្រោយពេលកាប់សម្លាប់ប្រពន្ធរួចហើយ បុរសជនដៃដល់មិនបានរត់គេចខ្លួនទៅទីណាទេ គឺនៅអង្គុយមើលប្រពន្ធត្រដរដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម ដល់ពេលសមត្ថកិច្ចនគរបាលមកវាយខ្នោះបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់តែម្តង ។
ក្រុមអ្នកភូមិដែលរស់នៅក្បែរខាងលំនៅឋានស្ត្រីរងគ្រោះ បានអះអាងថា បុរសជនដៃដល់ជាមនុស្សញៀនស្រា មិនរវីរវល់ជួយធ្វើកិច្ចការប្រពន្ធទេ និងតែងរករឿងឈ្លោះជាមួយប្រពន្ធ ដោយយកការប្រចណ្ឌធ្វើជាលេស ។ តាមការពិត ស្ត្រីរងគ្រោះជាមនុស្សគួរឲ្យរាប់អាន មិនដែលដើររហេតរហូត ទំនាក់ទំនងជាមួយប្រុសឈ្មោល ដូចប្តីប្រមឹកប្រចណ្ធនោះឡើយ គឺពេលព្រឹកស្ត្រីរងគ្រោះចេញពីផ្ទះទៅធ្វើស្រែចម្ការរហូតដល់ម៉ោង១១ព្រឹកជិតថ្ងៃត្រង់ ត្រឡប់មកផ្ទះដាំបាយ ស្ល ឲ្យកូនបរិភោគ និងដល់ម៉ោងជាង១៤រសៀល ស្ត្រីរងគ្រោះក៏ចេញទៅបន្តការងារចិញ្ចឹមជីវិតទៀត ខុសពីបុរសជាប្តីដែលគិតតែពីដបស្រា ។
បច្ចុប្បន្ន បុរសជនដៃដល់ត្រូវសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ រួមជាមួយនឹងវត្ថុតាងប្រព្រឹត្តល្មើស ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕