ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អតីត​ផ្កាយ​២​ ហេង​ ពៅ​,​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​ឧកញ៉ា​ សុខ​ ប៊ុ​ន​ គេច​មិន​ផុត​ពី​គុក​ តើ​ទណ្ឌិត​ ឈូក​ បណ្ឌិត​ មាន​ប្រព័ន្ធ​ប្រឆាំង​រ៉ា​ដា​បុរស​ខ្លាំង​ឬ​ ?

​សំណុំរឿង​ទណ្ឌិត​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​ទៅ​លើ​កម្មការិនី​ចំនួន​៣​នាក់​ បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ​ (Kao​ Way)​ ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បា​វិត​ ខេត្តស្វាយរៀង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សឹង​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១២​កន្លង​ទៅ​នោះ​ បាន​ក្លាយជា​ករណី​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​តាមដាន​បំផុត​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ ដោយសារ​បុរស​ឈ្មោះ​ ឈូក​ បណ្ឌិត​ បាន​គេច​ និង​ពួន​សំងំ​លាក់ខ្លួន​រួច​ផុត​ពី​ការ​ទទួលទោស​នៅ​ក្នុង​ពន្ធនាគារ​ ទោះបី​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ​ និង​ស្ថាប័ន​តុលាការ​កំពូល​បាន​វិនិច្ឆ័យ​សេចក្តី​កាលពី​ចុងឆ្នាំ​២០១៤​ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ​ ព្រមទាំង​បង្គាប់​ឲ្យ​បង់ប្រាក់​ចំនួន​៣៨​លាន​រៀល​ ឲ្យ​ទៅ​កម្មការិនី​រង​គ្រោះ​ទាំង​៣​នាក់​ជាដើម​បណ្តឹងរដ្ឋប្បវេណី​រួចរាល់​ជា​ស្ថាពរ​ក៏​ដោយ​ ។​ លើស​ពី​នេះ​ សំណុំរឿង​ទណ្ឌិត​ ឈូក​ បណ្ឌិត​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​លើកយក​មក​ធ្វើការ​ប្រៀបធៀប​ជាមួយ​សំណុំរឿង​ជនជាប់ចោទ​ ហេង​ ពៅ​ អតីត​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ សំណុំរឿង​ពិរុទ្ធជន​ឧត្តមសេនីយ៍ទោ​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​សំណុំរឿង​ជន​ត្រូវ​ចោទ​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ទៀត​ផង​ ។​

​ក្រុម​អ្នក​តាមដាន​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អតីត​ផ្កាយ​២​ ហេង​ ពៅ​ ដែល​បាន​គេចខ្លួន​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​រួច​ហើយ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កម្ពុជា​ សហការ​ជាមួយ​ប៉ូលិស​អាំង​ទែ​ប៉ូ​ល​ ស្វែង​តាម​ចាប់​យក​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៦​ រហូត​ទល់​បច្ចុប្បន្ន​ ក្រោម​ការ​ចោទប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ជាង​១០​ករណី​ ។​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នា​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ និង​បាន​រត់គេច​ខ្លួន​ទៅ​ដល់​ប្រទេស​វៀតណាម​អស់​រយៈពេល​ប្រមាណ​ជាង​០៤​ខែ​នោះ​ ត្រូវ​សមត្ថកិច្ច​នគរបាល​កម្ពុជា​សហការ​ជាមួយ​នគរបាល​វៀតណាម​ ចាប់ខ្លួន​បាន​នា​រាត្រី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៥​ យក​មក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​សទល់​បច្ចុប្បន្ន​ ។​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​ជាប់ចោទ​ពី​បទ​ ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ នា​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ និង​ខណៈ​បាន​គេចខ្លួន​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​មួយ​រយៈពេល​នោះ​ បាន​សម្រេចចិត្ត​ចូលខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់​ និង​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ទល់​សព្វថ្ងៃ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៥​រួច​មក​ ។​

​ដោយឡែក​ ករណី​ទណ្ឌិត​ ឈូក​ បណ្ឌិត​ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ទាំង​ហួសចិត្ត​ថា​ តើ​ទណ្ឌិត​រូប​នេះ​ពិតជា​មាន​លទ្ធភាព​ និង​សមត្ថភាព​រត់គេច​ផុត​ពី​ "​រ៉ា​ដា​"​ របស់​បុរស​ខ្លាំង​ឬ​ ទើប​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​មិន​បាន​ទល់​សព្វថ្ងៃ​ ឬ​ក៏​បុរស​ខ្លាំង​ពិតជា​មាន​ចេតនា​ "​មើល​រំលង​"​ ក្នុង​ករណី​ទណ្ឌិត​ ឈូក​ បណ្ឌិត​ ?

​មជ្ឈដ្ឋាន​សមត្ថកិច្ច​មួយ​ចំនួន​ បាន​និយាយ​លាន់ៗ​ថា​ ទណ្ឌិត​ ឈូក​ បណ្ឌិត​ មានបុណ្យ​ស័ក្តិតូច​មែន​ គឺ​ឋានន្តរស័ក្តិ​ត្រឹម​វរមន្ត្រី​ថ្នាក់​លេខ​១០​ អតីត​អភិបាលក្រុង​បា​វិត​ និង​ត្រូវ​បាន​ដកហូត​តំណែង​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលា​ខេត្តស្វាយរៀង​ ប៉ុន្តែ​ទណ្ឌិត​រូប​នេះ​ជា​មនុស្ស​មាន​លុយកាក់​ និង​មាន​អ្នកធំ​ជួយ​កាង​ការពារ​ ទើប​កន្លង​មក​ សមត្ថកិច្ច​នាំ​គ្នា​ "​បិទ​ភ្នែក​"​ មិន​ខ្នះខ្នែង​តាម​ចាប់ខ្លួន​ទណ្ឌិត​ ឈូក​ បណ្ឌិត​ តែ​ម្តង​ទៅ​ ។​

​ទោះ​យ៉ាងណា​ ឥឡូវនេះ​ និវេទន៍​ក្រហម​សម្រាប់​ការ​ស្វែង​ចាប់ខ្លួន​ទណ្ឌិត​ ឈូក​ បណ្ឌិត​ បាន​ទៅ​ដល់​បណ្តា​ប្រទេស​ជាង​១៩០​ក្នុង​ពិភពលោក​ហើយ​ ដូច្នេះ​ ត្រូវ​រង់ចាំ​មើល​ទាំងអស់​គ្នា​ តើ​ទណ្ឌិត​ ឈូក​ បណ្ឌិត​ អាច​រត់គេច​ផុត​ពី​ "​រ៉ា​ដា​"​ របស់​បុរស​ខ្លាំង​ និង​ប៉ូលិស​អាំង​ទែ​ប៉ូ​លត​ទៅ​ទៀត​ដែរ​ឬទេ​ ?​ ៕​

Chhouk-Bandith-2

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.