មន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ ឈ្មោះ វ៉ិចតូរីយ៉ា (Victoria International Hospital) ហាក់មានភាពលេចធ្លោយ៉ាងខ្លាំងក្នុងការឃោសនាពាណិជ្ជកម្ម ទាក់ទាញអតិថិជន(ជាពិសេសប្រិយមិត្តស្រីៗ) ដើម្បីឈានទៅទទួលយកសេវា"វះកាត់ដេរបង្រួមប្រដាប់ភេទ" ដោយក្រៅពីរូបភាពពាណិជ្ជកម្មផ្សេងៗ មន្ទីរពេទ្យឯកជននេះក៏បានប្រើប្រាស់វិធីសាស្ត្រសរសេរអត្ថបទដាក់ក្នុងគេហទំព័ររបស់ខ្លួន ក្នុងន័យបង្កការចាប់អារម្មណ៍ដល់អតិថិជន ដូចជា អត្ថបទមួយមានចំណងជើងថា ៖ {លាតត្រដាងអាថ៌កំបាំង} តើមនុស្សស្រីមានស្ថានភាពបែបណា ទើបត្រូវធ្វើការវះកាត់ដេរបង្រួម ? ជាដើម…។
អត្ថបទទាក់ទាញបែបពាណិជ្ជកម្មរបស់មន្ទីរពេទ្យវ៉ិចតូរីយ៉ា បានសង្កត់ធ្ងន់រំលេចឲ្យឃើញតាមទស្សនៈរបស់អ្នកនិពន្ធថា ៖ {ស្វាមីប្រព្រឹត្តខុសនឹងគន្លង តាមពិតមកពីប្រដាប់ធូររលុង} {ប្តេជ្ញាចិត្តយ៉ាងមុតមាំជ្រើសយកការវះកាត់ដេរបង្រួមប្រដាប់ភេទ ដើម្បីស្រោចស្រង់យកអាពាហ៍ពិពាហ៍ដែលបានបាត់បង់នោះត្រឡប់មកវិញ} និង {វះកាត់ដេរបង្រួមប្រដាប់ភេទ ធ្វើឲ្យខ្ញុំឈ្នះបានជ័យជម្នះអាពាហ៍ពិពាហ៍មួយនេះ}…។
សំណួរត្រូវចោទសួរថា តើសុភមង្គលគ្រួសារនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ពិតជាអាចកើតមានដោយសារការវះកាត់ដេរបង្រួមប្រដាប់ភេទ ដូចការលើកឡើង និងការឃោសនារបស់មន្ទីរពេទ្យឯកជនឈ្មោះ វ៉ិចតូរីយ៉ា នេះដែរឬទេ ? សូមប្រិយមិត្តអ្នកអានចូលរួមជួយពិចារណាទាំងអស់គ្នា ៕