ទំនងជាក្រុមទាហានយួនបានកសាងនូវគុណសម្បត្តិដ៏ឧត្តុង្គឧត្តម ចំពោះជាតិខ្មែរហើយមើលទៅ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ជុជា បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍, ថ្នាក់មហាសេនា និងថ្នាក់ធិបឌិន្ទ ដល់ទាហានយួនចំនួន១០នាក់ និងក៏មានជាហូរហែផ្សេងៗទៀតដែរ ។
ក្នុងចំណោមទាហានយួនទាំងចំនួន១០នាក់នោះ គឺមាន៣នាក់ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ មហាសេរីវឌ្ឍន៍, ៤នាក់ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ មហាសេនា និង៣នាក់ទៀតទទួលបានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ ធិបឌិន្ទ ដែលមានឈ្មោះដូចខាងក្រោម ៖
ក-គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ មហាសេរីវឌ្ឍន៍ ៖ រួមមាន ៖ ១-ឧត្តមសេនីយ៍ទោ Luu Duc Huy, ២-ឧត្តមសេនីយ៍ត្រី Phan Anh Viet, ៣-ឧត្តមសេនីយ៍ត្រី Phan Hai Quan ។
ខ-គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ មហាសេនា ៖ រួមមាន ៖ ១-វរសេនីយ៍ឯក Do Thang Lam, ២-វរសេនីយ៍ឯក Pham Van Thanh, ៣-វរសេនីយ៍ឯកបម្រុង Nguyen Dinh Khoa, ៤-វរសេនីយ៍ត្រី Nguyen Van Nam ។
គ-គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ ធិបឌិន្ទ ៖ រួមមាន ៖ ១-វរសេនីយ៍ឯក Le Duy Dan, ២-វរសេនីយ៍ឯក Phan Van Phong, ៣-អនុសេនីយ៍ឯក Pham Hong Thanh ។
គួររំលឹកជូនថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៣កន្លងទៅ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលព្រះអង្គនៅគង់មានព្រះជន្មនៅឡើយ ទ្រង់បានព្រះតម្រិះលើព្រះរាជសារចំហមួយ ពីទីក្រុងប៉េកាំងប្រទេសចិន មានខ្លឹមសារគួរឲ្យពិចារណាថា "…ក្នុងសម័យសង្គមរាស្ត្រនិយម គ្មានការលក់គ្រឿងឥស្សរិយយសមហាសេរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា គ្រឿងឥស្សរិយយសមហាសេនានៃព្រះរាជាណាចក្រកម្ពុជា និងគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់របស់ជាតិយើងនោះទេ ។ បើគេចង់ទិញ ក៏គ្មានលទ្ធភាពទិញបានដែរ ទោះបីឲ្យរាជរដ្ឋាភិបាល ឬខ្ញុំ ប៉ុន្មានម៉ឺន សែនដុល្លារក៏ដោយ ។ ការផ្តល់គ្រឿងឥស្សរិយយសជាតិយើងនៅសម័យនោះ គឺសម្រាប់តែវីរជនបម្រើជាតិដោយស្អាតស្អំ ហើយថែមទាំងធ្វើពលិកម្មគ្រប់បែបយ៉ាងទៀតផង ក្នុងការការពារជាតិ ប្រយុទ្ធដើម្បីឯករាជ្យ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ។ មានតែវីរបុរស៣នាក់ទេកាលនោះ ដែលបានទទួលគ្រឿងឥស្សរិយយសមហាសេរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជាអំពីខ្ញុំ គឺសម្តេច ប៉ែន នុត, សម្តេច ញឹក ជូឡុង និងសម្តេច សឺន សាន ។ ឥឡូវ គ្រឿងឥស្សរិយយសមហាសេរីវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា បានទៅដល់មនុស្សចំនួនរាប់មិនអស់ទេក្នុង១ឆ្នាំៗ ១ខែៗ ។ " ៕