នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺសមត្ថកិច្ចនឹងចាត់កម្លាំងជំនាញស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងច្បាស់លាស់ទៀតថា ក្នុងដំណាក់កាលចុងក្រោយនេះ សមត្ថកិច្ចបានស្នើទៅអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ(ប៉ូលិសអាំងទែប៉ូល) ដើម្បីចេញនិវេទន៍ក្រហម ហើយតមក អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ក៏បានចេញនិវេទន៍ក្រហមបញ្ជូនទៅបណ្តាប្រទេសជាង១៩០លើពិភពលោក ដើម្បីតាមចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិត ប្រគល់មកឲ្យភាគីប្រទេសកម្ពុជា ផ្តន្ទាទោសតាមច្បាប់ជាធរមាន ។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិរូបនេះ បានប្រកាសឲ្យដឹងដែរថា ក្នុងករណីប្រជាពលរដ្ឋបានឃើញទណ្ឌិត ឈូក បណ្ឌិត នៅទីកន្លែងណា សូមមេត្តាសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីធ្វើការចាប់ខ្លួនទណ្ឌិតរូបនេះយកមកផ្តន្ទាទោស ។
គួររំលឹកជូនដែរថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣មកម្ល៉េះ ហើយដល់ដំណាក់កាលចុងក្រោយ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានវិនិច្ឆ័យសេចក្តីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត ដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀល ឲ្យទៅជនរងគ្រោះជាកម្មការិនីចំនួន៣នាក់ ពាក់ព័ន្ធអំពើបាញ់ប្រហារទៅលើកម្មការិនីបម្រើការងារនៅរោងចក្រផលិតស្បែកជើង កៅ វ៉េ ឋិតក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសឹងបាត់បង់ជីវិត ។ ទោះបីលោក ឈូក បណ្ឌិត បានជាប់ឈ្មោះជាទណ្ឌិតរួចហើយក៏ដោយ ក៏ទណ្ឌិតរូបនេះដែលល្បីថា មានអ្នកធំជួយកាងការពារនោះ បានគេចខ្លួនផុតពីសំណាញ់ច្បាប់នៃការផ្តន្ទាទោសក្នុងពន្ធនាគាររហូតទល់បច្ចុប្បន្ន ៕