ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី​ ភាព​ សម្រុក​ដឹកឈើ​ចេញពី​ខេត្តរតនគិរី​ដូច​ហែ​កឋិន​

​ប្រភព​ព័ត៌មាន​ពី​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​នោះ​ បាន​សម្រុក​ដឹកឈើ​គ្រប់​ប្រភេទ​ចេញពី​ខេត្តរតនគិរី​ តាម​រថយន្ត​យី​ឌុ​ប​ធំៗ​យ៉ាង​គគ្រឹកគគ្រេង​ដូច​គ​ហែ​កឋិន​ ខណៈ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ធ្លាប់​បាន​ប្រកាស​ក្តែ​ងៗ​ថា​ មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កាប់​ឈើ​នៅ​ខេត្តរតនគិរី​ឡើយ​ (Sic!)​ ។​

​ឈើ​ទាំង​ឡានៗ​ត្រូវ​បាន​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ប្រមូល​ទិញ​ និង​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ដ៏​ធំ​ ឋិត​ក្នុងស្រុក​វ៉ឺ​ន​សៃ​ ខេត្តរតនគិរី​ រួច​ហើយ​ទើប​ដឹក​ជញ្ជូន​ចេញពី​ឃ្លាំង​បន្ត​ទៀត​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​រូប​ បាន​ធ្វើ​លិខិតផ្លូវការ​តាម​រយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ តំបន់​កន្ទុយ​នាគ​ ឋិត​ក្នុងស្រុក​តា​វែង​ ខេត្តរតនគិរី​ ។​ ខណៈ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ពី​បុរស​ខ្លាំង​នៅឡើយ​នោះ​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ដដែល​នេះ​ដែរ​ ក្រុមហ៊ុន​ទ្រី​ភាព​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ (Try​ Pheap​ Import​ Export​ Co.,​ Ltd.)​ គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ច្រានចោល​នូវ​ការ​ចោទប្រកាន់​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ (Resic!)​ ។​

​លោក​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ មាន​ទាំង​ចម្ការ​ម្រេច​ មាន​ទាំង​កាស៊ីណូ​ មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ៕​

Try-Pheap-Car-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.