ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ យល់​ឃើញ​ថា​ សេចក្តី​ប្រកាស​របស់​ស្ថានទូត​អា​មេ​រិ​ក​ទាក់ទង​នឹង​ការ​កាត់ក្តី​សកម្មជន​បក្ស​ប្រឆាំង​ ជា​ភាព​ល្ងង់ខ្លៅ​

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​របស់​ខ្លួន​មួយ​នា​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់​ នូវ​ដំណើរការ​វិនិច្ឆ័យ​សេចក្តី​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ នា​ពេល​កន្លង​មក​ឲ្យ​មាន​លក្ខណៈ​ពេញលេញ​ តម្លាភាព​ ស្រប​ទៅ​នឹង​ច្បាប់​ក្នុង​ប្រទេស​ និង​បទដ្ឋាន​អន្តរជាតិ​ ។​

​សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ បាន​សម្តែង​នូវ​ការ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​ដែល​នាំ​ទៅ​ដល់​ការ​ផ្តន្ទាទោស​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​ ដោយ​ស្ថាប័ន​តុលាការ​ ។​ សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ក្នុង​ចំណោម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​នោះ​ មាន​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ដែល​ជា​ជនជាតិ​អា​មេ​រិ​ក​ផង​ដែរ​ ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្តន្ទាទោស​ភ្លាមៗ​ ដែល​មជ្ឈដ្ឋាន​ភាគច្រើន​យល់​ឃើញ​ថា​ ទោសទណ្ឌ​ទាំងនោះ​មិន​សម​ស្រប​ឡើយ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​បែប​នេះ​ ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ មាន​សញ្ជាតិ​អា​មេ​រិ​ក​ ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​ដែរ​នោះ​ បាន​ឈ្វេងយល់​ឃើញ​ថា​ ជា​ភាព​ល្ងង់ខ្លៅ​របស់​អា​មេ​រិ​ក​ ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ការ​វិនិច្ឆ័យ​ក្នុង​សំណុំរឿង​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ហើយ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​ គឺជា​ស្ថាប័ន​ឯករាជ្យ​ មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​ទេ​ ។​ ដូច្នេះ​ ស្ថានទូត​អា​មេ​រិ​ក​គួរតែ​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នេះ​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ ក្នុង​នោះ​ក៏​មាន​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ផង​ដែរ​ ត្រូវ​បាន​លោក​ លឹ​ម​ មករន្ទ​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​ចាប់ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​(​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ត្រូវ​បាន​ផ្តន្ទាទោស​កំណត់​២០​ឆ្នាំ​)​ ក្រោម​បទចោទប្រកាន់​ ធ្វើ​កុបកម្ម​ និង​ប្រព្រឹត្ត​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ។​

​ក្រុម​អ្នក​តាមដាន​សំណុំរឿង​ក្តី​នេះ​ បាន​លើក​ឡើង​ដែរ​ថា​ យោង​តាម​រូបភាព​ព័ស្តុតាង​ជា​ច្រើន​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​សន្តិសុខ​ដែល​គេ​ដាក់​រហស្សនាម​បែប​រិះគន់​ថា​ ជា​"​ក្រុម​បាតដៃ​ទី​៣"​ បាន​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​រូបភាព​ទៅ​លើ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​មិន​ត្រូវ​បាន​តុលាការ​ស៊ើបអង្កេត​ និង​ផ្តន្ទាទោស​ទេ​ បែរជា​មក​ផ្តន្ទាទោស​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​អំពើ​អយុត្តិធម៌​សង្គម​យ៉ាងធ្ងន់ធ្ងរ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.