នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីទទួលបានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ របស់ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា សុំការអធ្យាស្រ័យ និងអត់ឱន ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥រួចមក គឺសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់កាប់អំណាចនៅកម្ពុជា បានធ្វើចំណារជាលាយលក្ខណ៍អក្សរផ្តល់នូវការអធ្យាស្រ័យចំពោះឯកឧត្តម អ៊ុំ សំអាន ដោយបញ្ចប់ត្រឹមការដាក់ទណ្ឌកម្មខាងវិន័យ ដូចមានចែងក្នុងស្មារតីសេចក្តីសម្រេចលេខ២០១រ.ស ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់រដ្ឋសភា ។
យោងតាមចំណារផ្តល់ការអធ្យាស្រ័យរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមកពីគណបក្សកាន់កាប់អំណាច ទៅលើឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបដូច្នេះ ធ្វើឲ្យមជ្ឈដ្ឋាននានាផ្តោតអារម្មណ៍ថា ប្រសិនបើឯកឧត្តម អ៊ុំ សំអាន មិនធ្វើលិខិតលាយលក្ខណ៍អក្សរជាផ្លូវការសុំការអធ្យាស្រ័យពីសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាទេនោះ ទំនងជាសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានឹងមានវិធានការលើសពីនេះទៀតក៏ថាបាន ឬក៏ឈានប្តឹងផ្តល់ទៅតុលាការឲ្យមានការដាក់ទោសទណ្ឌ ? (Sic!) ។
គួររំលឹកជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ យោងតាមញត្តិរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ជាពិសេសឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រល្បីឈ្មោះនៅមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ និងស្មារតីអង្គប្រជុំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលចូលចិត្តឈឺឆ្អាលទៅនឹងកិច្ចការប្រទេសជាតិ (ពិសេសបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម) ត្រូវបានរដ្ឋសភានីតិកាលទី៥សម្រេចដាក់ទណ្ឌកម្មវិន័យកាត់ប្រាក់បំណាច់ប្រចាំខែ៥០% ក្នុងរយៈពេល០២ខែ និងហាមមិនឲ្យចូលធ្វើការក្នុងរដ្ឋសភាក្នុងវេលា១៥ពេលប្រជុំជាបន្តបន្ទាប់ ដោយសេចក្តីសម្រេចលេខ២០១ រ.ស ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះចំណាត់ការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ ទៅលើឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដែលគ្រាន់តែមានការលើកឡើងទាក់ទងទៅនឹងសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាមិនចុះហត្ថលេខាបញ្ជូនលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងន័យបំពេញការងារសំដៅបម្រើឲ្យកិច្ចការប្រទេសជាតិពិតប្រាកដ ហើយការដាក់ទណ្ឌកម្មវិន័យទៅលើឯកឧត្តម អ៊ុំ សំអាន នោះទៀតសោត ហាក់មិនបានឆ្លងកាត់ការសម្របសម្រួលពីប្រធានក្រុមតំណាងសំឡេងភាគច្រើន និងប្រធានក្រុមតំណាងសំឡេងភាគតិចនៅក្នុងរដ្ឋសភាជាមុន ដើម្បីរកដំណោះស្រាយក្នុងន័យសម្របសម្រួលបង្ហាញអំពីភាពចាស់ទុំខាងនយោបាយ និងកិត្យានុភាពរបស់រដ្ឋសភាឡើយ ៕