ប្រភពព័ត៌មានពីសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មន្ត្រីនគរបាលជាតិម្នាក់មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី និងកាន់តួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានស្រីកំណាន់ចិត្តលួចលាក់ពីប្រពន្ធ ប្តឹងទាមទារជំងឺចិត្តចំនួន២០លានរៀល ដោយចោទប្រកាន់ថា បានប្រព្រឹត្តអំពើហិង្សាទៅលើរូបស្រីកំណាន់ ព្រោះតែភ្លើងប្រចណ្ឌ កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ ។
ប៉ូលិសព្រហ្មទណ្ឌស័ក្តិ៤ដែលត្រូវស្រីកំណាន់ចិត្តរបស់ខ្លួនប្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទប្រើអំពើហិង្សា និងទាមទារប្រាក់ជំងឺចិត្តចំនួន២០លានរៀលនោះ គឺមានឈ្មោះ ទេព សារ៉ាត់ រីឯស្ត្រីរងគ្រោះមានឈ្មោះ ឌុក ឌីឡុម រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
តាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ឌុក ឌីឡុម បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ វេលាជិតថ្ងៃត្រង់ មានមិត្តភក្តិប្រុស-ស្រីចំនួន៣នាក់ បានមកលេងផ្ទះរបស់នាង ។ បន្ទាប់ពីមិត្តភក្តិរបស់នាង២នាក់បានវិលត្រឡប់ទៅផ្ទះខ្លួនវិញមុនគេ គឺនៅសល់មិត្តប្រុសម្នាក់ឈ្មោះ ផូ ធីរ៉ាក់ បន្តអង្គុយជជែកគ្នាលេងជាមួយនាង ។ ស្រាប់តែពេលនោះ ឈ្មោះ ទេព សារ៉ាត់ (ជនសង្ស័យជាប៉ូលិស) បានមកដល់ដែរ ហើយទំនងជាមានចិត្តប្រចណ្ឌលើរូបនាងដែលនិយាយគ្នាលេងជាមួយមិត្តភក្តិប្រុស ក៏ស្ទុះមកវាយ និងដាល់ចំផ្ទៃមុខនាង ធ្វើឲ្យងងឹតមុខដួលនៅនឹងកន្លែង ដោយគ្មាននិយាយស្តីជាមុនមួយម៉ាត់សោះ ។ លុះវាយ និងដាល់មកលើរូបនាងរួចហើយ ទើបឈ្មោះ ទេព សារ៉ាត់ ប្រកាសថា បើចង់ប្តឹងទៅណាក៏ប្តឹងទៅ ។
ស្ត្រីឈ្មោះ ឌុក ឌីឡុម បានបញ្ជាក់ឲ្យដឹងថា នាង និងឈ្មោះ ទេព សារ៉ាត់ បានស្គាល់គ្នាប្រហែលជា០៥ខែទៅ០៦ខែ ដោយឈ្មោះ ទេព សារ៉ាត់ ទាក់ទងសុំការស្រឡាញ់ពីនាង ប៉ុន្តែនាងតែងបានបដិសេធ ដោយបានប្រាប់ទៅឈ្មោះ ទេព សារ៉ាត់ វិញដែរថា មានប្រពន្ធ និងកូនរួចហើយ នាងមិនអាចទទួលយកការស្រឡាញ់បានទេ ។ ផ្ទុយទៅវិញ ឈ្មោះ ទេព សារ៉ាត់ បានធ្វើការគំរាមកំហែងមកលើរូបនាងច្រើនលើកច្រើនសាថា មិនឲ្យនាងទំនាក់ទំនងស្នេហាជាមួយបុរសណាឡើយ ហើយក៏មិនអនុញ្ញាតឲ្យនាងរៀបការប្តីដែរ ។
ដោយឡែក លោក ទេព សារ៉ាត់ បានអះអាងថា រូបលោក និងនាង ឌុក ឌីឡុម ធ្លាប់មានទំនាក់ទំនងសេ្នហាជាមួយគ្នាប្រមាណ៣ឆ្នាំមកហើយៗនាងគ្មានភាពស្មោះត្រង់នឹងលោកឡើយ ដោយលួចលាក់ទាក់ទងជាមួយប្រុសថ្មី ។ រីឯហេតុការណ៍កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នោះ គឺលោកមិនបានវាយ និងដាល់ទៅលើនាង ឌុក ឌីឡុម ទេ គ្រាន់តែបានទាញអាវរបស់នាង រួចនាងក៏ដួលចំសសរផ្ទះ បណ្តាលឲ្យរងរបួសជាចៃដន្យទៅ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាសម្តែងនូវការរិះគន់ទៅលើលោកស័ក្តិ៤ប៉ូលិស ទេព សារ៉ាត់ ថា ក្នុងនាមខ្លួនជាមនុស្សប្រុស និងជាមន្ត្រីនគរបាលទទួលបន្ទុកការអនុវត្តច្បាប់ មិនគួរណាមិនគោរពច្បាប់ ហើយប្រើដៃជើង និងកម្លាំងបាយទៅលើស្ត្រីភេទនោះឡើយ ៕