ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ACU​ ៖​ សំណុំរឿង​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ អាច​នឹង​ត្រូវ​កាត់​ជា​កង់ៗ​

​សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​នៅឡើយ​ ហើយ​បើ​តាម​ការ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​ ACU​ បាន​ឲ្យ​ដឹង​ថា​ សំណុំរឿង​ក្តី​នេះ​ស្មុគស្មាញ​ណាស់​ និង​ ACU​ នឹង​កាត់​សំណុំរឿង​ជា​កង់ៗ​ ដើម្បី​កុំ​ឲ្យ​រង់ចាំ​ច្រើន​ពេក​ ពោល​គឺ​រឿង​ណា​អាច​បញ្ចប់​ការ​ស៊ើបអង្កេត​បាន​ អាច​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ជា​មុន​សិន​ ។​

​ទើប​ឡើង​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​ (​ផ្ទេរ​ភារកិច្ច​ពី​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤)​ លោក​ចៅក្រម​ អាំង​ មាលតី​ អាយុ​៥៨​ឆ្នាំ​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​មក​បញ្ឈរជើង​នៅ​ក្រសួងយុត្តិធម៌​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​សំណុំរឿង​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ ចំរើន​ ហៅ​ មិន​ និង​ឈ្មោះ​ កែវ​ សារី​ ហៅ​ហា​យ​ ត្រូវជា​ឪពុក​-​ម្តាយ​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ហៅ​ ប៊ិ​ន​ ទឹង​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ មាន​ភាព​មិន​ប្រក្រតី​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាស​ជា​សាធារណៈ​នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយ​បុរស​ខ្លាំង​បាន​ថ្លែង​សំដៅ​ថា​ មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ក្នុង​នោះ​ ។​ សំណុំរឿង​ដ៏​រសើប​នេះ​បាន​និង​កំពុង​ឋិត​ក្នុង​ដៃ​របស់​ ACU​ តាំងពី​ពេល​នោះ​មក​ ។​

​ក្រោយ​ការ​ដកហូត​តំណែង​លោក​ចៅក្រម​ អាំង​ មាលតី​ ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​មក​ ក៏​លេច​ធ្លាយ​ចេញ​រឿង​យានយន្ត​វត្ថុ​តាង​បទល្មើស​ជា​ច្រើន​គ្រឿង​ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ជំនិត​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ និង​កូនប្រុស​បង្កើត​របស់​លោក​ចៅក្រម​រូប​នេះ​ យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឺហា​ ជា​អាទិ៍​ ៖​ រថយន្ត​មិន​តិច​ជាង​៣​គ្រឿង​ និង​ទោចក្រយានយន្ត​មួយ​ចំនួន​ទៀត​ រួម​មាន​ រថយន្ត​ម៉ាក​ Hummer(​យក​ទៅ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​)​ រថយន្ត​ម៉ាក​ Lexus​ 470​ ធ្លាក់​ក្នុង​ដៃ​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ឈ្មោះ​ ពេជ្រ​ ព្រហ្ម​មុនី​ ជា​មនុស្ស​ជំនិត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ (​លោក​ផ្កាយ​១​ ពេជ្រ​ ព្រហ្ម​មុនី​ ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​រត់ការ​ឲ្យ​មានការ​ដោះ​លែង​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នាយក​រដ្ឋមន្ត្រី​ បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​)​ និង​រថយន្ត​ទំនើប​ម៉ាក​ Audi​ Q7​ តម្លៃ​ប្រមាណ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជា​វត្ថុ​តាង​ក្នុង​បទល្មើស​គ្រឿងញៀន​ ធ្លាប់​ធ្លាក់​ទៅ​ក្នុង​ដៃ​លោក​ អាំង​ មុនី​ ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​ត្រូវជា​កូនប្រុស​បង្កើត​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រើប្រាស់​…​។​ល​។​

​មជ្ឈដ្ឋាន​នានា​កំពុង​ទន្ទឹងរង់ចាំ​តាមដាន​មើល​ តើ​សំណុំរឿង​អាស្រូវ​ទាំងឡាយ​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ធ្លាប់​ធ្លាក់​ក្នុង​ដៃ​របស់​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​ ACU​ តាំងពី​នៅ​កាន់​តំណែង​ជា​អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ រហូត​ដល់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នាយក​រដ្ឋមន្ត្រី​នោះ​ នឹង​ត្រូវ​ ACU​ ស៊ើបអង្កេត​រក​ឃើញ​ និង​ចាត់ការ​យ៉ាងណា​ដែរ​ ឬ​បាន​ត្រឹម​ក្លាយជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​គ្នា​ ដូច​ល្បី​តៗ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មែន​ ?​ ៕​

Aing-Mealdey

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.