ឯកឧត្តម ជីវ កេង អាយុ៦៤ឆ្នាំ អនុប្រធានតុលាការកំពូល(អតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញរយៈពេលជិត១០ឆ្នាំ) និងឯកឧត្តម អ៊ុក សាវុធ អាយុ៥១ឆ្នាំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍(អតីតជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេលជិត១០ឆ្នាំ) ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសហប្រធានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣២ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ។
ក្រៅពីឯកឧត្តម ជីវ កេង និងឯកឧត្តម អ៊ុក សាវុធ ដែលទទួលបានការតែងតាំងជាសហប្រធានក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ មានឯកឧត្តម លោក-លោកស្រីចំនួន១៨នាក់ទៀត ត្រូវបានតែងតាំងជាសមាជិកនៃក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដំណាលគ្នាផងដែរ ជាអាទិ៍ ៖ ១-ឯកឧត្តម ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ២-ឯកឧត្តម អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល, ៣-ឯកឧត្តម ហ៊ាន រិទ្ធ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍, ៤-ឯកឧត្តម ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍, ៥-លោក សឹង បញ្ញាវុឌ្ឍ ចៅក្រមតុលាការកំពូល, ៦-លោក ហេង ប្រីយា ចៅក្រមតុលាការកំពូល, ៧-លោក សាលី ធារ៉ា ចៅក្រមតុលាការកំពូល, ៨-លោកស្រី ចាំង ស៊ីណាត ចៅក្រមតុលាការកំពូល, ៩-លោក អឿង សៀង ចៅក្រមតុលាការកំពូល, ១០-លោក គង់ តារាឆាត ចៅក្រមតុលាការកំពូល, ១១-លោក ចាយ ច័ន្ទតារាវណ្ណ ចៅក្រមសាលាឧទ្ធរណ៍, ១២-លោក អិន វ៉ានវិបុល ចៅក្រមសាលាឧទ្ធរណ៍, ១៣-លោក ជុំ សំបាន ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ១៤-លោក វ៉េង ប៊ុនធឿន ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ១៥-លោក ហួត វុទ្ធី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម, ១៦-លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប, ១៧-លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និង១៨-លោក អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។
អនុលោមតាមបញ្ញត្តិមាត្រា២១នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានតម្រូវឲ្យមានការបង្កើតក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីជួយការងាររបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការស៊ើបអង្កេត និងស្រាវជ្រាវសំណុំរឿងវិន័យ ដែលក្រុមអធិការកិច្ចនេះដឹកនាំដោយសហប្រធាន ក្នុងនោះសហប្រធាន១រូបត្រូវជ្រើសរើសក្នុងចំណោមចៅក្រមដែលមានឋានន្តរស័ក្តិជាឧត្តមចៅក្រម និងសហប្រធាន១រូបទៀតត្រូវជ្រើសរើសក្នុងចំណោមព្រះរាជអាជ្ញាដែលមានឋានន្តរស័ក្តិជាឧត្តមព្រះរាជអាជ្ញា ៕