ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

អ្នកតំណាង​រាស្ត្រ​ អ៊ុំ​ សំ​អាន​ ទទួល​រង​ទណ្ឌកម្ម​វិន័យ​កាត់​ប្រាក់​បំណាច់​ពាក់កណ្តាល​០២​ខែ​ និង​ហាម​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​រដ្ឋសភា​១៥​ពេល​ប្រជុំ​

​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៥​ ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ តាម​សេចក្តីសម្រេច​លេខ​២០១​ រ​.​ស​ ចុះ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ចោទប្រកាន់​ថា​ សកម្មភាព​របស់​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ ដែល​បាន​ចេញផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ជា​អំពើ​ប្រព្រឹត្ត​នាំ​ឲ្យ​ប៉ះពាល់​កិត្យានុភាព​របស់​រដ្ឋសភា​ និង​ជា​ការ​ជេរ​ប្រមាថ​ មើលងាយ​ប្រធានរដ្ឋសភា​ ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​មាត្រា​៨៧​នៃ​រដ្ឋធម្មនុញ្ញ​ មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ព្រមទាំង​ប្រការ​៧៧​ ចំណុច​ឃ​ និង​ប្រការ​៧៨​ ចំណុច​គ​ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ។​

​ខ្លឹមសារ​ប្រការ​២​នៃ​សេចក្តីសម្រេច​លេខ​២០១​ រ​.​ស​ ចុះ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ របស់​រដ្ឋសភា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ ត្រូវ​ទទួល​ការ​បន្ទោស​ និង​ទណ្ឌកម្ម​ខាង​វិន័យ​ ស្រប​តាម​ការ​កំណត់​នៃ​ប្រការ​៨១​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ដូច​តទៅ​ ៖​ ក​-​កាត់​ប្រាក់​បំណាច់​ប្រចាំខែ​៥០​ភាគរយ​ ក្នុង​រយៈពេល​០២​ខែ​ ។​ ខ​-​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​សម្រង់​កំណត់ហេតុ​បន្ទោស​ ព្រមទាំង​យក​ទៅ​បោះពុម្ព​ ហើយ​បិទ​នៅ​គ្រប់​ឃុំ​ក្នុង​មណ្ឌល​ខេត្តសៀមរាប​ ។​ គ​-​ហាម​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​រដ្ឋសភា​ក្នុង​វេលា​១៥​ពេល​ប្រជុំ​ជា​បន្តបន្ទាប់​ ។​

​ការណ៍​ដែល​នាំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ គឺ​ដោយ​យោង​តាម​ញត្តិ​របស់​អ្នកតំណាង​រាស្ត្រ​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​ និង​តាម​ស្មារតី​អង្គប្រជុំ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នា​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​ឯកឧត្តម​ អ៊ុំ​ សំ​អាន​ ដែល​ក្លាយជា​អ្នកតំណាង​រាស្ត្រ​ដំបូង​គេ​ ក្នុង​ការ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​នោះ​ បាន​ចាត់​ទុក​ករណី​ដាក់​ទណ្ឌកម្ម​វិន័យ​លើ​រូប​ឯកឧត្តម​នេះ​ ជា​ករណី​ធ្ងន់ធ្ងរ​ ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ដែរ​ថា​ រដ្ឋសភា​មិន​ទាន់​អនុវត្តន៍​វិធាន​វិន័យ​ទី​១​ និង​វិធាន​វិន័យ​ទី​២​ដែល​ត្រូវ​ស្តីបន្ទោស​ ឬ​ហៅ​រូប​ឯកឧត្តម​ទៅ​ធ្វើការ​ព្រមាន​ផង​ ស្រាប់តែ​រដ្ឋសភា​សម្រេច​ដាក់​ទណ្ឌកម្ម​វិធាន​វិន័យ​ដល់​កម្រិត​ទី​៣​ ជា​កម្រិត​ធ្ងន់ធ្ងរ​លើ​រូប​ឯកឧត្តម​តែ​ម្តង​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នា​ពេល​កន្លង​មក​ ឯកឧត្តម​ អ៊ុំ​ សំ​អាន​ ធ្លាប់​បាន​រិះគន់​ទៅ​លើស​ម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ថា​ បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ ដោយសារ​តែ​ប្រធានរដ្ឋសភា​មិន​បាន​ចុះហត្ថលេខា​បញ្ជូន​លិខិត​របស់​ក្រុម​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ជូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ៕​

Um-Sam-AnUm-Sam-An-Letter1 Um-Sam-An-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.