គេហទំព័រ Daily Mail ដ៏ល្បីរបស់អង់គ្លេស បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំសភាកាលពីដើមខែកក្កដា ឆ្នាំ២០១៥កន្លងទៅ លោកស្រី Victoria Donda Perez ជាអ្នកតំណាងរាស្ត្ររបស់ប្រទេសអាហ្សង់ទីន បានបំបៅដោះកូនស្រីអាយុ៨ខែរបស់លោកស្រីកណ្តាលចំណោមកិច្ចប្រជុំសភា បើទោះបីមានអ្នកតំណាងរាស្ត្រជាច្រើននាក់អង្គុយជុំវិញលោកស្រីក៏ដោយ ហើយរូបថតលោកស្រីដែលឲ្យកូនបៅក្នុងពេលប្រជុំសភានោះ ត្រូវបានគេយកមកបង្ហោះពេញ Internet ធ្វើឲ្យមានការចាប់អារម្មណ៍ផ្សេងៗពីគ្នា ។
លោកស្រី Victoria Donda Perez គឺជាសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីផង ។ នៅអំឡុងឆ្នាំ២០០៧ លោកស្រីបានជាប់ឆ្នោតជាតំណាងរាស្ត្រវ័យក្មេងបំផុតក្នុងសភាអាហ្សង់ទីន ។ ភាពលេចធ្លោរបស់លោកស្រីក្នុងនាមជាអ្នកតំណាងរាស្ត្រទាំងវ័យក្មេងផង ទាំងមានរូបសម្បត្តិស្រស់ស្អាតផង បានធ្វើឲ្យប្រជាពលរដ្ឋអាហ្សង់ទីនបានដាក់រហស្សនាមជូនលោកស្រីថា ជាតំណាងរាស្ត្រសិចស៊ី "Dipusex" ។
មជ្ឈដ្ឋានភាគច្រើនបានវាយតម្លៃទៅលើសកម្មភាពរបស់លោកស្រី Victoria Donda Perez អ្នកតំណាងរាស្ត្រអាហ្សង់ទីន ដែលបំបៅដោះកូនក្នុងពេលប្រជុំសភានោះថា ជាគំរូល្អសម្រាប់អ្នកម្តាយគ្រប់រូបដែលត្រូវយកចិត្តទុកដាក់បំពេញតួនាទីក្នុងនាមជាអ្នកម្តាយចំពោះកូន ទោះបីរវល់ក្នុងកិច្ចការងារបែបណាក៏ដោយ ។ ប៉ុន្តែមានមជ្ឈដ្ឋានមួយចំនួនទៀត បានចាត់ទុកសកម្មភាពនេះថា មិនសមស្របទៅនឹងកិត្យានុភាពរដ្ឋសភា ដែលជាស្ថាប័នអនុម័តច្បាប់របស់ជាតិឡើយ ៕