កាលពីវេលាម៉ោង១២និង២៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយសាររថយន្តទំនើប១គ្រឿងម៉ាក Lexus 570 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខខេមរភូមិន្ទ 02. 2-6969 បុកពេញទំហឹងទៅលើទោចក្រយានយន្តមួយគ្រឿងម៉ាក Dream C125 ជិះគ្នា២នាក់(ម្តាយនិងកូន) បណ្តាលឲ្យស្ត្រីជាម្តាយឈ្មោះ បុស្ស សាវី អាយុ៥០ឆ្នាំ ជិះពីក្រោយស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ និងស្ត្រីជាកូនឈ្មោះ ឌី សាវុធ អាយុ២៤ឆ្នាំ ជាអ្នកឌុប រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ រីឯម្ចាស់រថយន្តទំនើបនោះបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលបង្កហេតុភ្លាមៗ ។
អនុលោមតាមមាត្រា៥, មាត្រា៦ និងមាត្រា១១ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី លេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រការ៤នៃប្រកាសរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ ជារថយន្តគ្រប់គ្រងដោយក្រសួងការពារជាតិ ប្រើប្រាស់សម្រាប់នៅសមរភូមិ និងការងារការពារជាតិ ហើយត្រូវលាបពណ៌ត្រេអ៊ី ឬប៉ារ៉ា…។ ប៉ុន្តែរថយន្តទំនើបពាក់ស្លាកលេខខេមរភូមិន្ទ02. 2-6969 មានលេខកូដសម្គាល់ប្រើប្រាស់នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនោះ គឺមិនបានលាបពណ៌ត្រេអ៊ី ឬប៉ារ៉ា និងប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ពអ្វីឡើយ ។
សរុបសេចក្តីមក គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ គប្បីស៊ើបអង្កេតស្រាវជ្រាវរកម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើឲ្យឃើញ ពីព្រោះម្ចាស់រថយន្តទំនើបនេះទំនើង បានប្រព្រឹត្តនូវកំហុសឆ្គងធ្ងន់ធ្ងរចំនួន២ករណី ដូចខាងក្រោម ៖
១-បំបាក់មុខមាត់បុរសខ្លាំងជានាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ(ប្រើប្រាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ផ្ទុយនឹងស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងការពារជាតិ) ។
២-បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរហើយ បែរជារត់គេចខ្លួនបាត់ស្រមោលមិនទទួលខុសត្រូវ ៕