ឥឡូវនេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៥២០៤ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមល្បីឈ្មោះកាន់តែខ្លាំងឡើងនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម ដោយប្រិយមិត្ត Facebook បាននាំគ្នារិះគន់ទៅលើលោកឧត្តមសេនីយ៍រូបនេះថា សម្ញែងនូវឋានៈរបស់ខ្លួនអង្គុយខ្ពស់ជាងព្រះសង្ឃក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្តហែទៀនវស្សា នៅភូមិគ្រឹះដ៏ហ៊ឺហារបស់ខ្លួន ។
ប្រិយមិត្តអ្នកលេង Facebook ភាគច្រើនបានសម្តែងនូវការហួសចិត្តចំពោះការសម្ញែងឋានៈ បុណ្យស័ក្តិ និងទ្រព្យសម្បត្តិមហាសាលរបស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រហូតធ្វើឲ្យលោកផ្កាយ៣ទាហានរូបនេះសម្រេចចិត្តអង្គុយខ្ពស់ជាងព្រះសង្ឃ នៅក្នុងពិធីសាសនាទៅវិញ ។
សូមបញ្ជាក់ជូនថា កាលពីដើមឆ្នាំ២០១៥កន្លងទៅ មជ្ឈដ្ឋាននានា ក៏ដូចជាមជ្ឈដ្ឋានអ្នកលេង Facebook បាននាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំងរួចម្តងមកហើយ ទៅលើលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ដែលអះអាងថា ខ្លួនបានបាត់គ្រឿងអលង្ការមានតម្លៃ និងលុយកាក់ក្នុងកាបូប គិតជាទឹកប្រាក់សរុបជិត២០ម៉ឺនដុល្លារអាមេរិក ខណៈរូបលោកចូលទៅម៉ាស្សា និងហាត់ប្រាណនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) មានទីតាំងឋិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានទម្លាក់កំហុសទៅលើបុគ្គលិកសណ្ឋាគារចំនួន២នាក់ជាអ្នកលួច ។
លោកឧត្តមសេនីយ៍ សៀក សុជាតិ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៥២០៤ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៥០១ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១ ។ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ត្រូវបានតែងតាំងជានាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយអនុក្រឹត្យលេខ០៧អនក្រ.តត ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ និងក៏ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៤នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមពីលើមុខងារមានស្រាប់ផងដែរ ៕