ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

មេភ្លើង​ EDC​ បង់សំណាញ់​ចាប់​ត្រី​នៅ​ស្ទឹង​ពោធិ៍សាត់​ “​ឡង់សេ​”​ បក្ស​កាន់​អំណាច​

​ដោយ​ពាក់​អាវយឺត​ដាក់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សរសេរ​អក្សរ​ថា​ "​ខ្ញុំ​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​"​ផង​នោះ​ កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ កែវ​ រតនៈ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ពង្រឹង​ខេត្តពោធិ៍សាត់​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​(EDC)​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បាន​បង់សំណាញ់​ចាប់​ត្រី​នៅ​ស្ទឹង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ មុន​ពេល​ចុះ​ទៅ​បំពេញបេសកកម្ម​នៅ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ជា​បន្ត​ ក្រោម​ការ​អះអាង​ថា​ "​បង្ហាញ​រូបភាព​ធ្លាប់​បាន​ប្រព្រឹត្ត​ពី​កុមារភាព​"​ ខណៈ​អគ្គិសនី​(​ភ្លើង​)​នៅ​រាជធានី​ភ្នំពេញ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ព្រោងព្រាត​ថា​ កុង​ទ័​រ​កើនឡើង​មិន​ប្រក្រតី​កាលពី​ខែ​មុន​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ការ​លើក​ឡើង​ថា​ កុង​ទ័​រ​ភ្លើង​កើនឡើង​បណ្តាល​ឲ្យ​អស់​លុយ​ច្រើន​មិន​ប្រក្រតី​កាលពី​ខែមិថុនា​ ពី​សំណាក់​មជ្ឈដ្ឋាន​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​នោះ​ ត្រូវ​បាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ បដិសេធ​ថា​ ជា​ការ​មិន​ពិត​ និង​មន្ត្រី​អគ្គិសនី​កម្ពុជា​(EDC)​ក៏​បាន​ចោទប្រកាន់​តប​ទៅ​នឹង​អតិថិជន​របស់​ខ្លួន​វិញ​ដែរ​ថា​ ជា​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​ ហើយ​ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​ថែម​ទៀត​ (Sic!)​ ។​

​ឯកឧត្តម​ កែវ​ រតនៈ​ អាយុ​៤១​ឆ្នាំ​ ត្រូវជា​សាច់ញាតិ​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ ទទួល​បានការ​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៨/៩៨៧​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០០៨​ ។​

​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ ឯកឧត្តម​ កែវ​ រតនៈ​ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​លំដាប់​លេខ​រៀង​ទី​២​នៅ​មណ្ឌល​ខេត្តពោធិ៍សាត់​ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ហើយ​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់​ទៀត​ផង​ ប៉ុន្តែ​ឯកឧត្តម​ កែវ​ រតនៈ​ មិន​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​ទេ​ គឺ​សុខចិត្ត​មក​កាន់​តំណែង​ជា​មេភ្លើង​(EDC)​ជា​ប៉ុស្តិ៍​ខ្លាញ់​វិញ​ ។​

​ក្រោយមក​ទៀត​ ឯកឧត្តម​ កែវ​ រតនៈ​ ក៏​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​(​មិន​ទទួល​ប្រាក់បៀវត្សរ៍​)​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជា​អគ្គនាយក​ EDC​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០០៦​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៣​ ៕​

Keo-Ratanak-4 Keo-Ratanak-5EDC

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.